(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានចុះធ្វើយុទ្ធនាការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅគ្រប់ក្រុងស្រុកទាំង១៤ សម្រាប់ឆ្នាំ២០១៨ ដោយបានបែងចែកក្រុមការងាររៀងៗខ្លួនមានរយៈ៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងវាគ្មិនមកពីមន្ទីរ ស្ថាប័នរដ្ឋ អង្គភាពជំនាញនានាក្នុងខេត្ត និងមន្រ្តីពាក់ពន្ធ័នានាទាំងអស់ក្នុងខេត្តបានចូលរួមជាវាគ្មិនផងដែរ។
នៅក្នុងយុទ្ធនាការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះដែរ បានធ្វើជារៀងរាល់ឆ្នាំ ក្នុង១ឆ្នាំម្តង រវាងមន្រ្តី និងរាស្រ្ត ក្នុងគោលបំណងចង់ដឹងសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ហើយបានដោះស្រាយ បញ្ហាផ្សេងៗ ក្តីកង្វល់ និងសំណូមពររបស់រាស្រ្ត នៅតាមមូលដ្ឋាននានាពិសេស នៅគ្រប់មូលដ្ឋានដែលកើតមានឡើង និងបានកំពុងធ្វើការដោះស្រាយ និងត្រូវបានរដ្ឋបាល ខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង សម្រាប់ឆ្នាំ២០១៨ ដើម្បីអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងអនុវត្តកន្លងមក ក៏ដូចជាបច្ចុប្បន្នដោយបានតម្រូវឱ្យមានការកែលម្អប្រពន្ធ័អភិបាលកិច្ចល្អ នៅថ្នាក់ក្រោមជាតិជាមូលដ្ឋាន ដោយថ្នាក់រដ្ឋបាលនានា ត្រូវធ្វើនិងជម្រុញលទ្ធិប្រជាធិបតេយ្យមាននៅថ្នាក់មូលដ្ឋានហើយជម្រុញកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្នុងការធានាការរួមចំណែក នៃការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា។
ថ្លែងក្នុងកិច្ចបើកវេទិកា នៅគ្រប់ក្រុងស្រុកគោលដៅ ក្នុងខេត្តបាត់ដំបង ប្រធានក្រុមការងាររៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ បានលើកឡើងរំលេចពីស្នាដៃ និងសមិទ្ធផលនានាជាច្រើន ដែលរដ្ឋបាលខេត្តបាន និងកំពុងធ្វើសម្រេចបានកន្លងមក នេះជាលទ្ធផលមួយកានើតែល្អប្រសើរឡើង គឺជាការឆ្លើយតបបានជាបន្តបន្ទាប់ នូវភាពចាំបាច់របស់បងប្អូនប្រជាពលរដ្ឋយើង នាពេលបច្ចុប្បន្នក៏ដូចជានៅពេលអនាគតផងដែរ។
អង្គវេទិកាលើកនេះ បានផ្តោតការយកចិត្តទុកដាក់ទៅលើប្រធានបទ «ការផ្តល់សេវារដ្ឋបាលនិងសេវាសាធារណៈ ដើម្បីឆ្លើយតបតាមសំណូមពរនានារបស់ក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់ សហគមន៍ ប្រជាពលរដ្ឋនិងអ្នកពាក់ពន្ធ័ ក្នុងការពិភាក្សាស្រាយបំភ្លឺអំពីបញ្ហានានាជាក្តីកង្វល់ និងតម្រូវការជាអាទិភាពជាមួយប្រជាពលរដ្ឋ និងរកដំណោះស្រាយឱ្យបានសមស្របឆ្លើយតប តាមតម្រូវការរបស់បងប្អូននៅមូលដ្ឋាន»។
ក្នុងកិច្ចពិគ្រោះយោបល់នោះដែរ អង្គវេទិកាមានការអញ្ជើញចូលរួមជាអធិបតីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងវាគ្មិនតាមមន្ទីរអង្គភាពជំនាញនានាក្នុងខេត្ត និងអ្នកពាក់ពន្ធ័ដទៃទៀតបានឆ្លើយបំភ្លឺនូវសំណួរនិងពាំនាំសំណូមពរមួយចំនួន ដែលជាតម្រូវការចាំបាច់សម្រាប់ជីវភាពនិងការរស់ប្រចាំថ្ងៃ ដូចជាផ្លូវលំជនបទ ការបញ្ចុះតំលៃអគ្គិសនីនិងទឹក ការរកទីផ្សារជួយដល់កសិករ ការជួយដល់វិស័យអប់រំនៅជនបទ ការកសាងកន្លែងស្នាក់នៅសិក្សារៀនសូត្ររបស់ក្មួយៗដែលមានផ្ទះនៅឆ្ងាយពីសាលា ដើម្បីផ្តល់ឳកាសឳ្យពួកគាត់ទទួលនូវការអប់រំបានល្អ និងសំណូមពរមួយចំនួនទៀតផង។
អង្គវេទិកានេះមានសារៈសំខាន់ណាស់ ដោយបានឆ្លុះបញ្ចាំងពីភាពខ្វះខាតនិងសំណូមពររបស់ប្រជាពលរដ្ឋ ទទួលបាននូវរបកគំឃើញថ្មីៗទៀត ក្នុងការអនុវត្តនូវប្រពន្ធ័អភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋាន ដោយធ្វើការដោះស្រាយនិងផ្តល់សេវារដ្ឋបាល សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតធ្វើពួកគាត់មានភាពកក់ក្តៅនិងសប្បាយរីករាយផងដែរ៕