(ព្រះវិហារ)៖ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខា ប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានជំរុញឲ្យបងប្អូនប្រជាកសិករ ត្រូវខិតខំដាំដំណាំគ្រប់ប្រភេទ ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារបច្ចុប្បន្ន។
ការជំរុញបែបនេះ ខណៈលោកអញ្ជើញចូលរួមក្នុងពិធីចែកសម្ភារកសិកម្មជូនកសិករ ក្រុមផលិតសម្រាប់ធ្វើការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក ពឹង ទ្រីដា បានលើកឡើងថា សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានយកចិត្តទុកដាក់គិតគូរយ៉ាងខ្លាំង ចំពោះបញ្ហាតម្លៃទីផ្សារកសិផលរបស់ប្រជាពលរដ្ឋ ក្នុងនោះ រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកាជាង១០០លានដុល្លារ សម្រាប់ទិញកសិផលពីប្រជាពលរដ្ឋផងដែរ។
លោកបន្តថា ក្រសួងកសិកម្មដែលមានលោក វេង សាខុន ជារដ្ឋមន្ត្រី បានយកចិត្តទុកដាក់ណាស់ចំពោះបញ្ហាកសិករ ក្នុងនោះលោករដ្ឋមន្រ្តី បានគៀងគរអ្នកវិនិយោគទុនធំៗ របស់បរទេសចូលមកទិញកសិករផលរបស់ប្រជាកសិករយើង និងមានគំរោងបង្កើតរោងចក្រកែច្នៃកសិកផលនៅក្នុងខេត្តរបស់យើងថែមទៀតផង។
ករណីនេះលោក ពឹង ទ្រីដា ក៏បានជំរុញឲ្យប្រជាកសិករត្រូវខិតខំដាំដំណាំរួមផ្សំនានា ក៏ដូចជាការចិញ្ចឹមសត្វ ដើម្បីតម្រូវការទីផ្សារ និងដើម្បីលើកកម្ពស់ជីវភាពយើងផងដែរ។
លោកបន្តទៀតថា ជាមួយ និងការជំរុញឲ្យបងប្អូនប្រជាពលរដ្ឋខិតខំដាំដំណាំផ្សេង និងចិញ្ចឹមសត្វនោះ មន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដែលគាំទ្រថវិកាពីរកម្មវិធី ASPIRE បានធ្វើការចែកសម្ភារកសិកម្ម ជូនកសិករចំនួន៤២គ្រួសារ ក្នុងនោះមានកសិករចិញ្ចឹមមានចំនួន២៥គ្រួសារ និងកសិករដាំបន្លែចំនួន១៧គ្រួសារ។
ដោយកសិករចិញ្ចឹមមាន់ ក្នុងមួយគ្រួសារទទួលបានសំណាញ់ព័ទ្ធទ្រុងជីវសុវុត្ថិភាពចំនួន១ដុំ ស្បៃខៀវ១ដុំ ទូភ្ញាស់កូនមាន់១ ទ្រុងបំបែកកូនមាន់១ វ៉ាក់សាំងញូវកាស២ដប វ៉ាក់សាំងអាសន្នរោគ១ដប ថ្នាំតំលាក់ព្រូន៥កញ្ចប់ ម្សៅប្រេមិច២កញ្ចប់ និងវ៉ាក់សាំងអ៊ុតមាន់ៗដប។ ចំពោះកសិករដាំបន្លែក្នុងមួយគ្រួសារ ទទួលបានសំណាញ់ពទ្ធសួន២ដុំ ស្បសខៀវប្រក់បន្ថយកំដៅ២ដុំ ស៊ីទែនទឹកចំណុះ១០០០លីតចំនួន១ ត្រេបណ្តុះកូនបន្លែចំនួន៥ សំណាញ់ទ្រើង៤ដុំ ប្រពន្ធ័ដំណក់ទឹកមួយឈុតនិងម៉ូទរ័១គ្រឿងផងដែរ៕