(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រដៅអ្នកវិភាគមួយដែលសម្តេចមិនបញ្ចេញឈ្មោះ ដែលបានរិះគន់លើការបំពេញបេសកកម្មរបស់ សម្តេចនៅក្រៅប្រទេសថា មិនមានជោគជ័យអ្វីជាដុំកំភួន។ សម្តេចបានព្រមានធ្ងន់ធ្ងរថា អ្នកវិភាគនោះមានគំនិតខ្លីឡប់ៗ ដោយមិនយល់អំពីផលប្រយោជន៍ការទូត ក្នុងការបំពេញបេសកកម្មរបស់ប្រមុខរាជរដ្ឋាភិបាល នៅក្រៅប្រទេស។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករជិត៧ពាន់នាក់ នៅស្រុកមុខកំពូល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «មានអ្នកធ្វើអត្ថាធិប្បាយថា "លោក ហ៊ុន សែន ថាជាជោគជ័យ ប៉ុន្តែមិនឃើញមានអ្វី"។ ឱ ! ឋានៈបណ្ឌិតអើយ អានេះគិតថា ទៅស្ទូចត្រី ស្ទូចហើយទាល់តែបានត្រីមកផ្ទះទើបហៅជោគជ័យឬ? លោកបណ្ឌិត គិតតែពីខ្លួនឯង តើទម្រាំបានបណ្ឌិត លោករៀនអស់ប៉ុន្មានឆ្នាំ»។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ការបំពេញបេសកកម្មរបស់សម្តេចនៅក្រៅប្រទេស បាននាំមកនូវផលប្រយោជន៍ជូនជាតិ ដូចជាការស្វះស្វែងរកអាហារូបករណ៍មកបណ្តុះបណ្តាលដល់និស្សិតខ្មែរ ការរកបាននូវកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងសេដ្ឋកិច្ច នយោបាយ សន្តិសុខ រួមទាំងវិស័យការពារជតិផងដែរ។ មួយវិញទៀត ការក្លាយជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ ខាងមុខនេះ សុទ្ធតែជាមុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិ។ សម្តេចចាត់ទុកថា នេះជាជោគជ័យក្នុងវិស័យការទូត។
សម្តេចបានលើកឡើងថា «បើវិភាគឡប់ៗបែបនេះ គួរតែវិភាគទៅតាមអស់លោកទៅចុះ ក៏ប៉ុន្តែខ្ញុំមិនចង់ឱ្យកូនខ្មែរ មានការភាន់ច្រឡំ ឬមានការយល់ខុស រហូតដល់បង្រៀនកូនខ្មែរឱ្យចេះភ្លើនោះទេ បើលោកបណ្ឌិត ភ្លើតែម្នាក់ឯងទៅចុះ ប៉ុន្តែបើលោកភ្លើទៅហើយ គួរកុំទាញអ្នកដទៃឱ្យភ្លើតាមខ្លួន»។
ទន្ទឹមនឹងការរិះគន់យ៉ាងចាស់ដៃទៅលើអ្នកវិភាគ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវមន្ទិលសង្ស័យផងដែរ ចំពោះការបរាជ័យរបស់ក្រុមប្រឆាំង ដែលប៉ុនប៉ងរៀបចំបាតុកម្មប្រឆាំងសម្តេចនៅប្រទេសស្វីស។ សម្តេចចាត់ទុករឿងនេះ គឺជារឿងចម្លែក។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ក្រុមប្រឆាំង បើគេធ្វើសកម្មភាពប្រឆាំងនោះ មិនមែនជារឿងចម្លែកទេ ប៉ុន្តែបើគេមិនប្រឆាំងវិញទើបជារឿងចម្លែក។ ជាមួយគ្នានេះ សម្តេចបានសន្និដ្ឋានថា មូលហេតុដែលធ្វើឱ្យគ្មានបាតុកម្មប្រឆាំងសម្តេចនៅប្រទេសស្វីស និងគ្មានមនុស្សធ្វើបាតុកម្មនៅញូវយ៉ក ដោយសារតែក្រុមប្រឆាំងគ្មានសមត្ថភាព គៀរគរមនុស្សឱ្យចូលរួមបាតុកម្មនេះតទៅទៀត។
ជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសជាច្រើន បានចាប់ផ្តើមគាំទ្រនូវនយោបាយ និងការដឹកនាំរបស់សម្តេច ដែលបានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍទៅមុខជាបន្តបន្ទាប់ជាមួយកំណើនសេដ្ឋកិច្ចរង្វង់៧ភាគរយផងដែរ៕