(ព្រះវិហារ)៖ ថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ ក៏ដូចជា សិស្សានុសិស្ស ក្នុងឱកាសថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០១៨-២០១៩ និងពិធីសម្ពោធសាលាបឋមសិក្សាពងទឹក នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអំពាវនាវឲ្យសិស្សានុសិស្សទាំងអស់ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ កុំព្យាយាមសាកល្បង ដែលនាំឲ្យខូចអនាគតខ្លួនឯង និងបាត់បងកិត្តិយសគ្រួសារ។
លោកបានថ្លែងថា សព្វថ្ងៃនេះបញ្ហាគ្រឿងញៀន គឺជាបញ្ហាមួយ ដែលកំពុងតែកើតមានឡើងស្ទើរគ្រប់ទីកន្លែង និងបានវាយលុកចូលតាមជួរមហាជន ពិសេសស្រទាប់យុវជន នៅតាមសាលារៀនវិទ្យាល័យនេះ ហើយក៏មានសិស្សមួយចំនួនតូច កំពុងដើរតួរចែកចាយថ្នាំញៀននេះ ហើយត្រូវបានសមត្ថកិច្ច កំពុងតែតាមឃ្លាំមើលផងដែរ។
លោកអភិបាលខេត្តបានបញ្ជាក់យ៉ាងដូច្នេះថា «ប្អូនៗសិស្សានុសិស្ស ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដោយកុំព្យាយាមសាកល្បង ដែលនាំឲ្យខាតបង់ពេលវេលាក្នុងការសិក្សា ខូចអនាគត និងខូចកិត្តិយស ដល់ក្រុមគ្រួសាររបស់យើងផងដែរ»។
ទាក់ទងនឹងថ្ងៃបើកបវេសនកាលថ្មី ឆ្នាំ២០១៨-២០១៩នេះ លោក អ៊ុន ចាន់ដា បានថ្លែងទៀតថា ពិធីបើកបវេសនកាលថ្មីនេះ គឺជាខួបលើកទី៣៨ នៃការរស់ឡើងវិញនៃវិស័យអប់រំ បន្ទាប់ពីបានរងការបំផ្លិចបំផ្លាញដោយសង្រ្គាម ជាពិសេសការបំផ្លាញដល់ឫសគល់ របស់របបកម្ពុជាប្រជាធិបតេយ្យ ដែលបានគ្រប់គ្រងប្រទេស រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ។
លទ្ធផលនៃសង្រ្គាម និងឧក្រិដ្ឋកម្មនៃរបបប្រជាធិបតេយ្យ បានបន្សល់ទុកនូវស្នាមរបួសផ្លូវចិត្ត និងមានវីការភាពសតិសម្បជញ្ញៈ បានធ្លាក់មកលើប្រជាពលរដ្ឋ ស្ទើរតែកែកុនមិនបាន។ ដោយគុណបំណាច់ដ៏ធំធេង របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យអប់រំ ឈានឡើងគួរឲ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព។
ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា បានណែនាំដល់លោកគ្រូ អ្នកគ្រូ ត្រូវពង្រឹងការដឹកនាំគ្រប់គ្រង នៃរចនាសម្ព័ន្ធអប់រំ គ្រប់លំដាប់ថ្នាក់ ជាពិសេសការគ្រប់គ្រងនៅតាមសាលារៀន ព្រោះសាលារៀន ជាសមរភូមិជួរមុខ ដែលត្រូវប្រយុទ្ធផ្ទាល់ និងកិច្ចការអប់រំ។
លោក ចេង លឹមហ៊ាន់ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តព្រះវិហារ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨-២០១៩នេះ ខេត្តព្រះវិហារ មានគ្រឹះស្ថានសិក្សារួមមាន៖ មត្តេយ្យសាលាមានចំនួន៦កន្លែង, សាលាបឋមសិក្សាមានចំនួន២២៧កន្លែង, អនុវិទ្យាល័យមាន៤៨កន្លែង, និងវិទ្យាល័យមាន១៦កន្លែង។ ចំណែកបុគ្គលិកសិក្សា មានចំនួន២៤៧៥នាក់ ក្នុងនោះស្រី១២៨នាក់៕