(ភ្នំពេញ)៖ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ចុះពិនិត្យគុណភាពទំនិញនៅផ្សាររីករាយ និងផ្សារឈូកមាស ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការចូលរួម ពីមន្ទីរពាណិជ្ជកម្មរាជធានី និងគណៈកម្មការផ្សារផងដែរ។

មន្រ្តីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានឲ្យដឹងថា ពេលចុះពិនិត្យនោះ ទំនិញជាចំណីអាហារប្រចាំថ្ងៃដែលសង្ស័យថាអាចមានហានិភ័យខ្ពស់ចំនួន៦៩គំរូ ដែលរួមមាន៖ សណ្តែកបណ្តុះ សាច់ក្រក ត្រីប្រាសំយ៉ុង ត្រីងៀត ប្រហិតសាច់គោ ប្រហិតត្រី សរសៃគុយទាវ មី នំបញ្ចុក បាញ់កាញ់ លត ផ្អក បន្លែស្រស់ច្រើនប្រភេទ ប្រភេទជ្រក់ អាហារសមុទ្រស្រស់ក្លាសេ លតខៀវ នំស្រួយ ជាដើម ។ ក្រុមការងារបានយកមកពិនិត្យវិភាគ រកសារធាតុគីមីហាមឃាត់ នៅនឹងរថយន្តពិសោធន៏ចល័ត។

ជាលទ្ធផល ផលិតផលដែលបានពិនិត្យទាំង៦៩គំរូនេះ គី១៣គំរូ បានបញ្ជូនទៅវិភាគ នៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីវិភាគលើប៉ារ៉ាម៉ែត្រមួយចំនួនទៀត ៥០គំរូ មានអនុលោមភាពសុវត្ថិភាព និង៦គំរូ មានផ្ទុកសារធាតុគីមីហាមឃាត់ Borax និង Salicylic Acid នៅលើប្រហិតសាច់គោ ៣.៤គក ប្រហិតត្រីរៀល មានលាយ គ្រឿងស្រាប់១.៣គក ស្ពៃជ្រក់២៧គក មមាញជ្រក់៥គក និងនំស្រួយ២.៦គក។ សរុប៣៩.៣០គីឡូក្រាម ហើយត្រូវបានក្រុមការងារ ធ្វើកំណត់ហេតុ ដកហូតកំទេចចាលភ្លាមៗ បន្ទាប់ពីមានការយល់ព្រមពីអ្នកលក់។
ក្រុមការងារបានចែករំលែកបន្តនូវព័ត៌មានទាំងនេះ ទៅសាខាពាក់ព័ន្ធ ដើម្បីនឹងបន្តស្វែងរកប្រភពផលិត និងសហការចាត់វិធានការ ទៅតាមនីតិវិធីច្បាប់។

ក្នុងពេលចុះពិនិត្យគុណភាពទំនិញនោះ មន្រ្តីកាំកុងត្រូលក៏បានចែកផ្សាយនូវរូបភាព Poster សំណូមពរដល់អ្នកផលិត ក៏ដូចជាអ្នកលក់ដូរចំណីអាហារទាំងឡាយ សូមចូល រួមរក្សាអនាម័យឲ្យបានល្អ សូមកុំផលិត ចែកចាយ ឬយកទំនិញគ្មានគុណភាព ឬមានសារធាតុគីមីមកដាក់តាំងលក់ ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។

ចំពោះអ្នកទិញ សូមទិញចំណីអាហារណាមានសុវត្ថិភាព មានអនាម័យល្អ ដោយសូមមេត្តាពិចារណាមុននឹងសម្រេចចិត្តទិញ នូវទំនិញដែលមានលក្ខណៈខុសប្លែកពីធម្មតា ទំនិញដែលមានសម្រស់ស្រស់ឆើតឆាយមានលក្ខណៈទាក់ទាញខ្លាំង៕