(កណ្តាល)៖ ថ្លែងចំពោះមុខមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងកម្មករជាច្រើនពាន់នាក់ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ឲ្យរដ្ឋមន្ត្រី និងអភិបាលខេត្តទាំងអស់ សូមកុំប្រើប្រាស់ពាក្យថា «ហត់ណាស់» មិនសមឡើយ បើត្រឹមតែកាន់ក្រសួងមួយ ឬខេត្តមួយហត់ ចុះទម្រំសម្តេចកាន់ការងារគ្រប់ទាំងអស់ ទាំងក្រសួង ទាំងខេត្តក្នុងការសម្រេច ប៉ុន្តែសម្តេចមិនដែលថ្អូញថា ហត់ម្តងណាឡើយ ព្រោះធ្វើដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ។
ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន នៅគ្រាដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយ ជាង៦៧០០នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ក្រោយត្រឡប់មកពីបំពេញបេសកកម្ម ដ៏មមាញឹកនៅក្រៅប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំយល់ថា អ្នកដទៃកាន់កាប់ក្រសួង ឬអភិបាលខេត្ត អភិបាលស្រុក មិនអាចប្រើពាក្យថា ហត់ណាស់។ ពាក្យថា ហត់ណាស់ និយាយមិនបានទេ ! ព្រោះថាគ្មាននរណាហត់ជាងនាយករដ្ឋមន្ត្រីទេ អស់លោកកាន់ក្រសួងមួយ ហើយស្រែកថាហត់ កាន់ខេត្តមួយស្រែកថាហត់ ចុះខ្ញុំកាន់ប្រទេសមួយ មិនស្រែកថាហត់ផង! បើអីចឹងទេកាលណាឮថា ហត់ គិតដល់ ហ៊ុន សែន ផងថាហត់ប៉ុណ្ណា?»។
សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងទៀតថា ប្រសិនរដ្ឋមន្ត្រី ឬអភិបាលខេត្តស្រែកថា ហត់ សម្តេចហត់ជាងរដ្ឋមន្ត្រី ឬអភិបាលខេត្ត រហូតទៅដល់១០ដង ព្រោះគ្រប់ក្រសួង និងខេត្តទាំងអស់ ត្រូវមកសុំការសម្រេចពីសម្តេច នៅពេលផុតដែនសមត្ថកិច្ចរបស់ក្រសួង ឬខេត្ត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការងារនាយករដ្ឋមន្ត្រី មានភាពមមាញឹកខ្លាំងណាស់ គឺត្រូវធ្វើការក្នុងប្រទេសផង និងក្រៅប្រទេសផងដែរ ដើម្បីតែសេចក្តីសុខរបស់ប្រជាជន ហើយសម្តេចមិនដែលរុញរាចំពោះការងារទាំងអស់នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការបំពេញបេសកកម្មនៅក្រៅប្រទេស ត្រឡប់មកដល់កម្ពុជាវិញ សម្តេចបានចុះហត្ថលេខាលើឯកសារប្រហែលជា១០០ឯកសារ ហើយល្ងាចថ្ងៃម្សិលមិញមានជិត៤០ឯកសារ សម្រាប់គ្រប់ក្រសួងស្ថាប័ន។ សម្តេចថ្លែងថា ដោយសារតែការបំពេញទស្សនកិច្ចក្រៅប្រទេស ទើបឯកសារត្រូវកប់ទុកច្រើនបែបនេះ ដែលនេះជាការហត់នឿយ ប៉ុន្តែការហត់នឿយដើម្បីប្រទេសជាតិ និងប្រជាជនពេញចិត្តនឹងបំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា នៅសប្តាហ៍ក្រោយសម្តេចនឹងចេញទៅចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសសឹង្ហបុរី ហើយនៅចុងខែវិច្ឆិកាខាងមុខនេះ សម្តេចត្រូវបំពេញ ទស្សនកិច្ច និងចូលរួមកិច្ចប្រជុំអន្តរជាតិ នៅប្រទេសនេប៉ាល់ និងប្រទេសឡាវផងដែរ៕