(ភ្នំពេញ)៖ ការជួញដូរលុយអេឡិចត្រូនិក ដែលជាពពួក Bitcoin ពុំត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យមានការជួយដូរនៅឡើយទេ បើទោះបីជាមានក្រុមហ៊ុនមួយចំនួន ចង់បង្កើតលុយអេឡិចត្រូនិកនេះនៅកម្ពុជាក្តី។
រាជរដ្ឋាភិបាលកម្ពុជា ដែលមានធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីប្រកាសមួយ ដោយហាមប្រាមមិនឲ្យប្រជាពលរដ្ឋ ជួញដូរលុយអេឡិចត្រូនិចនេះឡើយ ព្រោះអាចបណ្តាលឲ្យខាតបង់ទ្រព្យសម្បត្តិ នៅគ្រាដែលបទបញ្ញាត្តិ សម្រាប់ការគ្រប់គ្រងមិនទាន់មាន។
ដើម្បីទប់ស្កាត់នូវបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការមូលបត្រ គ្រោងនឹងរៀបចំបទបញ្ញាតិ្តគ្រប់គ្រង ការជួញដូរទ្រព្យអេឡិចត្រូនិក។ នេះបើតាមការឲ្យដឹងពីលោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា ប្រាប់បណ្តាញព័ត៌មាន Fresh News។
លោក ស៊ូ សុជាតិ បានឲ្យដឹងថា «គណៈកម្មការមូលបត្រកម្ពុជា ដែលជាមន្រ្ដីបច្ចេកទេសបានឲ្យឈ្មោះ ទ្រព្យប្រភេទនេះថា ទ្រព្យអេឡិចត្រូនិក ដែលជាប្រភេទទ្រព្យមួយ អាចដោះដូរចេញជាសាច់ប្រាក់ ប៉ុន្ដែមិនមែនអ្វីមួយដែលជាសាច់ប្រាក់ យកទៅទូទាត់ឡើយ»។
លោកបញ្ជាក់ថា «ពាក់ព័ន្ធនឹងទ្រព្យអេឡិចត្រូនិកនេះ គណៈកម្មការមូលបត្រកម្ពុជា កំពុងពិចារណារៀបចំបទបញ្ញតិ្តមួយ គ្រប់គ្រងការជួញដូរទ្រព្យព្រោះថា កាណាជាទ្រព្យនឹងតម្រូវឲ្យជួញដូរបាន។ ប្រទេសនៅតាមតំបន់ខ្លះបានអនុញ្ញាត ឲ្យបង្កើតទ្រព្យអេឡិចត្រូនិកនេះ ការបង្កើតទ្រព្យនេះគេឲ្យឈ្មោះថា ICO មានន័យថាជាការបង្កើតឲ្យចេញ ជាទ្រព្យឌីជីថល»។
លោកបន្ដថា បច្ចុប្បន្ននេះកម្ពុជាមិនទាន់ មានបទបញ្ញត្តិគ្រប់គ្រង លើការជួញដូរទ្រព្យអេឡិចត្រូនិកនៅឡើយទេ ដូច្នេះហើយទើបគណៈកម្មការមូលបត្រកម្ពុជា បានសហការជាមួយធនាគារជាតិនៃកម្ពុជា ក្រសួងមហាផ្ទៃតាមរយៈ អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីប្រកាសរួមមួយថា ដោយសារតែកម្ពុជាមិនទាន់មានបទបញ្ញត្តិ គ្រប់ជ្រុងជ្រោយដែលអាចធានាសមត្ថភាពនៃការជួញដូរ និងអនុញ្ញាតជូនទៅបណ្ដាក្រុមហ៊ុន ដែលមានបំណងចង់បង្កើតទ្រព្យនេះ។
លោកបន្ថែមថា «សព្វថ្ងៃនេះគណៈកម្មការមូលបត្រកម្ពុជា, ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការនគរបាលជាតិ សូមឲ្យសាធារណៈជនទាំងអស់ កុំជាប់ពាក់ព័ន្ធនឹងការជួញដូរទ្រព្យអេឡិចត្រូនិកនេះ ក៏ដូចជាការបង្កើតទ្រព្យនេះ។ ដោយឡែកសម្រាប់ក្រុមហ៊ុន ដែលមានបំណងចង់ធ្វើធុរកិច្ចលើ ការជួញដូរទ្រព្យអេឡិចត្រូនិកនេះ គណៈកម្មការមូលបត្រកម្ពុជា សូមស្នើឲ្យពួកគេរង់ចាំសិនព្រោះ គណៈកម្មការមូលបត្រកម្ពុជា កំពុងសិក្សាពីកត្តាហានិភ័យ ពីយន្ដការនៃការគ្រប់គ្រង់ឲ្យបានច្បាស់លាស់ ដើម្បីធានាសុវត្តិភាពដល់អ្នកជួញដូរ អ្នកទិញ»។
លោកបន្ថែមទៀតថា ពេលណាគណៈកម្មការមូលបត្រកម្ពុជា មានសំណាញ់ការពារ ជាបទបញ្ញត្តិគ្រប់ជ្រុងជ្រោយ ទើបអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការ៕