(កណ្តាល)៖ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ បានធ្វើឱ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។ យ៉ាងណាមិញ ដើម្បីចូលរួមក្នុងវិស័យពុទ្ធចក្រ ដែលជាសាសនារបស់រដ្ឋ កាន់តែរីកធំធាត់ខ្លាំង និងតាមទនៀមទម្លាប់ របស់ដូនតាខ្មែរមកនោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងលោកស្រី ប៉ែន​ចាន់នី បានផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តអង្គជុំ «ភ្នំចចក» ដែលស្ថិតនៅឃុំទ្រា ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ ដោយប្រមូលបច្ច័យកសាង នូវសមិទ្ធផលនានាចំនួន១០៣លានរៀល។។

អង្គកឋិនទានសាមគ្គីនេះ មានការចូលរួមពីសំណាក់ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទ ដោយបានមូលមតិគ្នាជាឯកច្ឆ័ន្ទ ផ្តួចផ្តើមធ្វើអង្គកឋិនសាមគ្គី ដើម្បីផ្សារភ្ជាប់វីស័យអាណាចក្រជាមួយពុទ្ធចក្រ ក្នុងការរួមចំណែកកសាងសមិទ្ធផលនានា ក្នុងវត្តអង្គជុំ «ភ្នំចចក» និងដើម្បីលើកស្ទួយវិស័យសាសនា ជាសាសនារបស់រដ្ឋផងដែរ អង្គកឋិនទាននេះ ដឹកនាំដោយឧត្តមសេនីយ៍ឯក រឿង វុទ្ធី មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស និងជាស្នងការដ្ឋានឃោសនាព័ត៌មាន​និងឧត្តមសេនីយ៍ឯក យ៉ាត​ទូច មេបញ្ជាការរង បញ្ជាដ្ឋានអង្គរក្ស និងជានាយខុទ្ទកាល័យ បញ្ជាការដ្ឋានអង្គរក្ស​ជាតំណាង។

កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ម្សិលមិញ ពុទ្ធបរិស័ទបានដឹកនាំធ្វើពិធីសែនថ្វាយដល់លោកតា ដែលជាម្ចាស់ទឹកដី និងបានដំណើរការប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី ហើយសម្តែងធម៌នមស្សការ ព្រះរតនត្រ័យ និងសម្តែងព្រះបរិត្ត ដោយលើកឡើងពីការ ធ្វើបុណ្យកឋិនទាន ជូនដល់នាយឧត្តមសេនីយ៍ លោកឧកញ៉ា លោក លោកស្រី ឧបាសក ឧបាសិកា ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយ នាឱកាសនោះផងដែរ។

លុះដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅវេលាម៉ោង០៧៖០០នាទីព្រឹក ពិធីបុណ្យបានប្រព្រឹត្តទៅតាមគន្លង ទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបានប្រារព្ធ ព្រះរាជពិធីដង្ហែ អង្គកឋិនទានជុំវិញព្រះវិហារ និងថ្វាយគ្រឿងសក្ការៈបូជា ថ្វាយចំពោះព្រះពុទ្ធរូបស្នងអង្គ ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង និងបានប្រារព្ធនូវបទនមស្ការ ព្រះរតនត្រ័យ ថ្វាយបង្គំព្រះ សមាទានសីល ដើម្បីគោរពរំឭក ដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ និងបានប្រមូលបច្ច័យ ដោយប្រមូលបច្ច័យកសាងនូវសមិទ្ធផលនានាចំនួន១០៣លានរៀល សម្រាប់កសាងនូវសមិទ្ធផលនានា នៅក្នុងក្នុងវត្តអង្គជុំ «ភ្នំចចក» នេះ៕