(ភ្នំពេញ)៖ ទីបំផុតប្រទេសកម្ពុជា បានមានឈ្មោះលើផែនទីរបស់សមាគមជាតិអចលនទ្រព្យសហរដ្ឋអាមេរិក (National Association Of Realtor ឬ NAR) ជាផ្លូវការហើយ ក្រោយបានក្លាយជាសមាជិកពេញសិទ្ធិ កាលពីឆ្នាំ២០១៧។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) មុនដឹកនាំប្រតិភូ និងថ្នាក់ដឹកនាំសមាគមទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម NAR នៅសហរដ្ឋអាមេរិកកាលពីព្រឹកមិញ។
ទន្ទឹមជាមួយការបង្ហើបដំណឹងល្អខាងលើ លោកឧកញ៉ា ចេង ខេង បានចាត់ទុកការបង្ហាញវត្តមានប្រទេសកម្ពុជា លើផែនទីសមាគមដីធ្លីលំដាប់ពិភពលោក គឺសមាគម NAR នេះ គឺជារឿងមួយដ៏ល្អសម្រាប់វិស័យដីធ្លីកម្ពុជា ដែលជំរុញឲ្យពិភពលោកស្គាល់ពីសក្ដានុពល និងភាពរីកចម្រើនក្នុងប្រទេសកម្ពុជាកាន់តែច្បាស់ ពិសេសគឺការពង្រីកទីផ្សារដីធ្លីលើពិភពលោកកាន់តែធំទូលាយតែម្ដង។
លោកឧកញ៉ាបានថ្លែងថា «ឥឡូវនេះ យើងមានចំណុចពិសេសមួយ ដោយលើផែនទីដីធ្លីពិភពលោករបស់សមាគម NAR ក្នុងចំណោមសមាជិកជាង ៦៥ប្រទេស គឺមានប្រទេសកម្ពុជាហើយ។ ចឹងរាល់ពេលគេធ្វើបទបង្ហាញតាមប្រទេសនីមួយៗ គេតែងលើកយកប្រទេសជាសមាជិកទាំងអស់ទៅធ្វើបទបង្ហាញ ដូច្នេះវាគឺជាឱកាសល្អ ដែលបណ្ដាប្រទេសលើពិភពលោកត្រូវស្គាល់កម្ពុជា និយាយមរួម គឺផ្ដល់ផលចំណេញជាច្រើន សម្រាប់ប្រទេសមានឈ្មោះក្នុងផែនទីនេះ»។
ដោយឡែកលោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគម CVEA ក៏បានបញ្ជាក់ដែរថា ចំពោះបេសកកម្មចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម NAR នឹងផ្ដល់ផលចំណេញច្រើនសម្រាប់ថ្នាក់ដឹកនាំ និងសមាជិករបស់សមាគម ដើម្បីរៀនសូត្របន្ថែមពាក់ព័ន្ធនឹងបច្ចេកវិទ្យាថ្មីៗ ក្នុងការធ្វើអាជីវកម្មដីធ្លី។ លោកថា «កម្មវិធីនេះ គឺផ្ដោតសំខាន់លើប្រធានបទស្ដីពីអនាគតកាលនៃការរកស៊ីដីធ្លីលើពិភពលោក ចឹងវាគឺជាឱកាសដ៏ល្អ ដែលអ្នករកស៊ីដីធ្លីលើពិភពលោក ត្រូវជួបជុំគ្នា ដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក»។
បន្ថែមលើនេះលោកឧកញ៉ា គុយ វ៉ាត អនុប្រធានក្រុមប្រឹក្សាភិបាលបានអះអាងថា «ការចូលរួមនេះ ក្នុងនាមប្រទេសជាតិមួយ ចឹងក្រៅពីសិក្សាស្វែងយល់បន្ថែម យើងនឹងលើកទង់ជាតិកម្ពុជា ដើម្បីលើកមុខមាត់ប្រទេសជាតិយើង ដែលជារឿងសំខាន់ផង។ មួយវិញទៀត យើងក៏ត្រូវការពង្រីកទីផ្សារកម្ពុជាឲ្យធំ។ ដូច្នេះតាមរយៈការចូលរួមកិច្ចប្រជុំដ៏ធំ មានអ្នកចូលរួមជាង ២ម៉ឺននាក់នេះ ក៏ជាផ្នែកមួយដ៏សំខាន់ ដើម្បីរួមចំណែកជួយដល់វិស័យអចលនទ្រព្យកម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ»។
គួរបញ្ជាក់ថា នេះគឺជាលើកទី៣ ហើយ ដែលប្រតិភូ ថ្នាក់ដឹកនាំ និងសមាជិកសមាគម CVEA បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម NAR ដែលនឹងមានតំណាងសមាគមមកពី ៦៥ប្រទេស ស្មើនឹងសមាជិកជាង ២ម៉ឺននាក់ចូលរួម។ បេសកកម្មលើកនេះមានរយៈពេល ២សប្ដាហ៍ ហើយតាមគម្រោង ក្រៅពីចូលរួមកិច្ចប្រជុំ ថ្នាក់ដឹកនាំ CVEA ក៏នឹងធ្វើទស្សនកិច្ចតាមរដ្ឋមួយចំនួន ដើម្បីស្វែងយល់បន្ថែមពីបច្ចេកវិទ្យារកស៊ីដីធ្លី ក៏ដូចជាការសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ រស់នៅទីនោះផងដែរ៕