(ភ្នំពេញ)៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ បាននាំអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនគ្រួសារតែសម្រាលបានកូនភ្លោះបីនាក់មួយគ្រួសារ ដែលសម្ដេចចាត់ទុកដូចជាចៅរបស់សម្ដេចនៅមន្ទីរពេទ្យកាល់ម៉ែត។
គ្រួសារដែលសម្រាលបានកូនភ្លោះបីនាក់នោះ ឪពុកឈ្មោះ សន សុផល អាយុ៣៤ឆ្នាំ និងម្ដាយឈ្មោះ ច័ន្ទ សុខហេង អាយុ២៦ឆ្នាំ រស់នៅភូមិកាកាប ឃុំឈ្វាំង ស្រុកពញាឭ ខេត្តកណ្ដាល ហើយនេះជាកូនលើកដំបូង និងជាកូនស្រីភ្លោះទាំងបីតែម្ដង។
ថ្លែងក្នុងឱកាសនោះលោក សេង ទៀង ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹក ព្រមទាំងផ្ដាំផ្ញើឪពុកម្ដាយទារកទាំងបី ត្រូវមើលថែកូនឲ្យបានល្អ ពិសេសត្រូវអប់រំទូន្មានឲ្យបានត្រឹមត្រូវ ពិសេសបញ្ហាសុខភាពត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត។
ជាមួយគ្នានេះ លោក សន សុផល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ពិសេសសម្រាប់ផ្ដល់អំណោយជូនក្រុមគ្រួសាររបស់លោក ដែលភរិយាទើបសម្រាលបានកូនភ្លោះស្រី៣នាក់ និងសូមជូនពរសម្ដេចបន្ដភាពជោគជ័យ សម្រាប់ការដឹកនាំប្រទេសបន្ដទៀត។
អំណោយដែលត្រូវបានលោក សេង ទៀង យកទៅប្រគល់ជូនដល់ដៃក្រុមគ្រួសារដែលសម្រាលបានកូនភ្លោះបីនាក់នោះ រួមមាន ថវិកា៥លានរៀល, អង្ករ២០០គីឡូក្រាម, ទឹកដោះគោ២កេស, ស្ករស៥គីឡូក្រាម, សារ៉ុង២ និងក្រម៉ា២។
សូមជម្រាបថា រហូតមកដល់ពេលនេះ គ្រួសារដែលសម្រាលបានកូនភ្លោះ ចំនួន៣៣៨គ្រួសារហើយ ដែលបានទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចបានចាត់ទុកដូចជាចៅបង្កើតរបស់សម្ដេចផងដែរ៕