(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីពិព័រណ៍ការងាររយៈពេល២ថ្ងៃ។ ពិព័រណ៍ការងារនេះ បានផ្ដល់ឱកាសការងារជាច្រើនកន្លែង ដល់សាធារណជនមានបំណងចង់ បំពេញការងារ នៅតាមបណ្ដាក្រុមហ៊ុន ដែលខ្លួនពេញចិត្តត្រូវនឹងចំណេះ ព្រមទាំងជំនាញ។
ពិព័រណ៍ការងារនេះរៀបចំឡើង ដោយមានការចូលរួមពីបណ្ដាក្រសួងធំៗចំនួន៧ មានទាំងក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកប្រមាណ១៥៦ មកពីវិស័យសំខាន់ៗដូចជា៖ វិស័យផលិតកម្ម, ហិរញ្ញវត្ថុ និងអចលនទ្រព្យជាដើម។
ពិព័រណ៍ធំនេះក៏មានការចូលរួមពីសំណាក់ ក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៦ របស់ក្រុមហ៊ុន ព្រីនស៍ រៀល ដែលបានចូលរួម ក្នុងពិព័រណ៍ការងារនេះ។ ក្នុងនោះក្រុមហ៊ុនបានប្រកាស ផ្ដល់ការងារយ៉ាងច្រើនកន្លែងដល់សិស្សនុសិស្ស និងប្រជាជាពលរដ្ឋទូទៅ។
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងពីការផ្លាស់ប្តូរ និងការរីកចម្រើនផ្នែកឧស្សាហកម្ម នាំឲ្យអ្នកស្វែងរកការងារយកចិត្តទុកដាក់ ក្នុងការបង្កើនសមត្ថភាពខ្លួន ដើម្បីទទួលបានការងារល្អ។
លោកបន្ដទៀតថា បច្ចុប្បន្ននេះការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ដោយត្រូវបានទទួលស្គាល់ថា «ខ្លាថ្មីនៃសេដ្ឋកិច្ចអាស៊ី»។ ជាមួយនឹងការរីកចម្រើនផ្នែកសង្គម និងវិស័យឧស្សាហកម្មនេះ ឃើញថាតម្រូវការទីផ្សារធនធានមនុស្ស ក៏កំពុងផ្លាស់ប្តូរបន្តិចម្ដងៗផងដែរ។
លោកបណ្ឌិត អ៊ិត សំហេង និងលោក លី មីញ ប្រធានប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានលើកទឹកចិត្តដល់បេក្ខជន ឲ្យមកដាក់ពាក្យស្នើសុំការងារ និងខិតខំបំពេញការងារឲ្យបានល្អ នៅពេលដែលទទួលបានការងារ។ នាឱកាសនោះលោកបណ្ឌិត អ៊ិត សំហេង ក៏បានប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបផងដែរ។
ពិព័រណ៍ការងាររយៈពេល២ថ្ងៃនេះ ក្រុមហ៊ុនទទួលបានអ្នកដាក់ពាក្យស្នើសូម ប្រមាណ៣៥០០នាក់។ ក្នុងនោះក្រុមហ៊ុន ស្វាគមន៍ចំពោះអ្នកមានបទពិសោធន៍ និងសមត្ថភាពក្នុងការបំពេញការងារ។
សម្រាប់ព័ត៌មានលម្អិត អំពីការស្នើសូមការងារនេះ លោកអ្នកអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ ០១៧ ៨៥៨ ១៨២/ ០៨៦ ២៧៧ ៩១០/ ០៩២ ៩៩០ ៩៩៥ ឬតាមរយៈអ៊ីម៉ែល៖ [email protected]៕