(ភ្នំពេញ)៖ តំណាងឲ្យលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអនុគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ គឺលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នាថ្ងៃអង្គារ៍ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ បានយកអំណោយមានជាថវិកា និងគ្រឿងឧបភោគបរិភោគ ជាមួយសម្ភាររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីទៅឧបត្ថម្ភជូន ប្រជាពលរដ្ឋក្រីក្រចាស់ជរា មានជំងឺផ្ទុកមេរោគអេដ៌ចំនួន១០គ្រួសារ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ក្នុងបំណងជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃបានមួយចំនួន។
ក្នុងឱកាសទទួលអំណោយសង្គ្រោះនោះ ប្រជាពលរដ្ឋងាយរងគ្រោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះកាកបាទក្រហមកម្ពុជា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ប្រធាន-អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ តំណាងឲ្យលោក ជា ពិសី ប្រធានអនុគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដែលបានយកចិត្តទុកដាក់គិតគូរអំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដែលកំពុងជួបបញ្ហាខ្វះខាត ដោយគ្មានការរើសអើងពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោកស្រី អាន ផល្លា ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ ប្រជាពលរដ្ឋ មានទុក្ខលំបាកជាជនងាយរងគ្រោះគ្រប់ប្រភេទ និងសូមឲ្យថែទាំសុខភាពឲ្យបានល្អ ដោយក្នុងនោះត្រូវរស់នៅស្អាត និងពិសារទឹកស្អាត ដើម្បីជៀសវាងបានរាល់គ្រោះថ្នាក់កើតឡើង ដោយយថាហេតុពីជំងឺដង្កាត់ផ្សេងៗ។
លោកស្រី អាន ផល្លា បានថ្លែងថា អំណោយមានជាអង្ករ សម្ភារ ក៏ដូចជា ថវិកាដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំយកមកឧបត្ថម្ភជូន ប្រជាពលរដ្ឋនាពេលនេះ អាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បានមួយគ្រា ដែលជាទឹកចិត្តសប្បុរសធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គឺដើម្បីឲ្យយកចិត្តទុកដាក់ខ្ពស់ លើប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ដោយមិនឲ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ និងអត់បាយឡើយ ក្រោមអនុសាសន៍ដឹកនាំចង្អុលបង្ហាញពីសំណាក់សម្ដេចតេជោ ហ៊ុន សែន៕