(កំពត)៖​ អត្តពលិកអាស៊ីអឺរុប ប្រមូលមេដាយស្ទើរគ្រប់វិញ្ញាសាពីព្រឹត្តការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី៥ ឆ្នាំ២០១៨ លើភ្នំបូកគោ ខេត្តកំពត ដែលធ្វើឡើង ដើម្បីប្រមូលថិវកាបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា។

ទិវានេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីឲ្យអ្នកចូលរួមនានា មានឱកាសដ៏ល្អឥតខ្ចោះសម្រាប់បង្កើតនូវអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានជាមួយក្រុមគ្រូសារ និងមិត្តភក្តិក្រោមអត្ថន័យ ក្នុងការលើកកម្ពស់សុខភាព ភាពរីករាយ និងសប្បុរសធម៌។

ព្រឹត្តការណ៍ជាលក្ខណៈអន្តរជាតិ នេះទាក់ទាញអ្នកចូលរួមរត់ ចំនួន១៤៥៩នាក់ ដោយសារនេះជាព្រឹត្តិការណ៍កីឡាទេសចរណ៍ និងសប្បុរសធម៌នោះ ដូច្នេះទើបអ្នករត់ជាតិ និងអន្តរជាតិបានបង្ហាញនូវឆន្ទៈចូលរួម និងបានរួមគ្នាក្នុងស្មារតីសាមគ្គីភាពខ្ពស់ ក្នុងកិច្ចការសប្បុរសធម៌។

លោក ពៅ ហុក គ្រូកីឡាក្លឹបកីឡាសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដែលដឹកនាំកីឡាករ កីឡាការិនីរបស់ខ្លួនចូលរួមប្រកួតជាង៣០នាក់នោះ បានសម្តែងការដឹងគុណដ៏ជ្រាលជ្រៅចំពោះលោក ឌួង លាង ប្រធានក្រុមប្រឹក្សាអាស៊ីអឺរ៉ុប ដែលបានឧបត្ថម្ភគាំទ្រលើកទឹកចិត្តឲ្យអត្តពលិកមកចូលរួមរត់ និងចូលរួមក្នុងកិច្ចការសប្បរសធម៌នេះ។

ចំពោះជ័យលាភីវិញ្ញាសាទាំងអស់ រួមមាន៖ វិញ្ញាសារត់២១គីឡូម៉ែត្រ បុរស ចំណាត់ថ្នាក់លេខ១ បាន ទៅលើកីឡារ ម៉ា វីរ៉ូ មកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ផ្នែកនារី លេខ១ កីឡាការិនីចក្រភពអង់គ្លេស Jiu Hamill។

វិញ្ញាសា១០គីឡូម៉ែត្រផ្នែកបុរសលេខ១ កីឡាករកម្ពុជា វណ្ណ ភារ៉ា ខណៈផ្នែកនារីលេខ១ កីឡាការិនីកម្ពុជាមកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ប៊ូ សំណាង។ ៥គីឡូម៉ែត្រ លេខ១ កីឡាករ ផាត សុផុត ខណៈផ្នែកនារី កីឡាការិនី ងួន ចារ៉ូណៃអ៊ី និងវិញ្ញាសារត់កម្សាន្ត ៣គីឡូម៉ែត្រ បានទៅលើកីឡាករ ផាន ផាន់ឈី។ ក្រៅពីនេះ ក៏មានចំណាត់ថ្នាក់លេចខ២ និងលេខ៣ ផ្នែកបុរសនារីលើគ្រប់វិញ្ញាសាទាំងអស់ផងដែរ៕