(សៀមរាប)៖ សមាគមអតីតនិស្សិតកម្ពុជាពីប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ បានប្រារព្ធកម្មវិធីកិច្ចប្រជុំក្រុមប្រឹក្សាអតីតនិស្សិត មកពីប្រទេសជប៉ុន តាមបណ្តាប្រទេសសមាជិកអាស៊ាន ដែលបានប្រព្រឹត្តឡើងនៅសណ្ឋាគារបុរីអង្គរ ទីក្រុងសៀមរាប ដោយមានការចូលរួមឧបត្ថម្ភធំដោយក្រុមហ៊ុនទឹកពិសាគុណភាពខ្ពស់វីតាល់។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមប្រធានបទ «ការពង្រឹងចំណងមេត្រីភាព រវាងទំនាក់ទំនងរបស់សមាគមអតីតនិស្សិត មកពីប្រទេសជប៉ុន តាមបណ្តាប្រទេស សមាជិកអាស៊ាន តាមរយៈវិស័យទេសចរណ៍» ផ្តោតសំខាន់លើការផ្លាស់ប្តូរបទពិសោធន៍ថែទាំ និងអភិរក្សប្រាសាទបេតិកភណ្ឌបុរាណនៅក្នុងតំបន់អាស៊ាន។ នៅក្នុងកម្មវិធីលើកនេះ លោកសាស្ត្រាចារ្យ ISHIZAWA Yoshiaki មកពីសាកលវិទ្យាល័យ Sophia បានផ្តល់កិត្តយសធ្វើបឋមកថា ជុំវិញប្រធានបទអភិរក្សប្រាសាទបុរាណរបស់ប្រទេសកម្ពុជា ដោយលោកកំពុងតែធ្វើការស្រាវជ្រាវ ជាមួយគម្រោងមួយ នៃប្រាង្គប្រាសាទរបស់ប្រទេសខ្មែរ។
«នេះជាលើកទីមួយហើយ ដែលប្រទេសកម្ពុជាយើងមានកិត្តិយសបានក្លាយជាម្ចាស់ផ្ទះ ចំពោះការរៀបចំកម្មវិធីនេះ។ សាវតានេះនៃកម្មវិធីនេះ គឺបានកកើតឡើងតាមរយៈគោលនយោបាយ របស់អតីតលោកនាយករដ្ឋមន្ត្រីជប៉ុន FUKUDA Takeo ដែលកាលពីឆ្នាំ១៩៩២ លោកបានបើកឲ្យមានអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ឲ្យទៅសិក្សានៅប្រទេសជប៉ុនឡើងវិញ។ ចាប់តាំងពីពេលនោះមក ប្រទេសកម្ពុជា ព្រមទាំងបណ្តាប្រទេសនៅក្នុងអាស៊ាន បានទទួលបានផ្លែផ្កាធនធាន សម្រាប់អភិវឌ្ឍប្រទេសរបស់រៀងៗខ្លួន»។ នេះជាការបញ្ជាក់របស់សមាគមអតីត និស្សិតកម្ពុជា ពីប្រទេសជប៉ុន។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីគណអធីបតីធំៗជាច្រើនរូបផងដែររួមមាន៖ លោកអគ្គរាជទូត ហ៊ីដេហ៊ីសា ហ៊ូរីនូឈិ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីជប៉ុន, លោកអគ្គរាជទូត មីតូរី ណៅគិ តំណាងពីស្ថានទូតប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជា, លោក ឡៅ ឈីវអៀវ អនុរដ្ឋលេខាធិការក្រសួង អប់រំយុវជននិងកីឡា។ល។ ចំណែកថ្ងៃចុងក្រោយ នៃកម្មវិធីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ពិធីនេះបានធ្វើឡើង ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងអគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក សុខ សង្វារ ភ្ញៀវកិត្តិយសទាំងអស់បានជួបជុំគ្នាដាំដើមឈើ នៅមុខប្រាសាទបន្ទាយក្តី ចំនួន៣០៩ដើម ក្នុងន័យបង្កើនសាមគ្គីភាព រឹតចំណងមិត្តភាព និងបណ្ដុះបន្ថែមនូវប្រភេទដើមឈើកំពុងមានការខ្វះខាតក្នុងតំបន់។
ថ្លែងនៅក្នុងកម្មវិធីដាំដើម រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានលើកទឹកចិត្តឲ្យភ្ញៀវកិត្តិយសទាំងអស់ ចាត់ទុកប្រទេសកម្ពុជាដូចជាផ្ទះរបស់ខ្លួន។ ក្រោមកិច្ចសហការរៀបចំកម្មវិធីជាមួយ ក្រុមហ៊ុនទឹកពិសាវីតាល់ បានចូលរួមកម្មវិធីដាំដើមឈើ ដោយលោកអគ្គនាយកឧកញ៉ា ឡាវ វ៉ាន់ ព្រមទាំងលោកអគ្គនាយករង លោក អ៊ី ចាន់ណា ដែលលោកគឺជាអតីតនិស្សិត មកពីប្រទេសជប៉ុនមួយរូប ដែលបានចាកចេញទៅសិក្សាក្នុងជំនាន់ទី២ តាំងពីឆ្នាំ១៩៩៣។
លោកក៏ចង់បង្ហាញផងដែរថា ក្រុមហ៊ុនវីតាល់ ជាក្រុមហ៊ុនដែលត្រូវបានទទួលស្គាល់ដោយមហាជនទូទៅ ទាំងក្នុង និងក្រៅប្រទេសគឺមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការឧបត្ថម្ភធំដល់សន្និសីទអន្តរជាតិ ជាក់ស្ដែងនៅក្នុងកម្មវិធីដែលលោកកំពុងតែចួលរួមនេះ។ គួរបញ្ជាក់ផងដែរថា និស្សិតកម្ពុជារាប់រយអ្នកជារៀងរាល់ឆ្នាំ ត្រូវបានបញ្ជូនទៅសិក្សាបន្តទាំងថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតក្រោមជំនួយ អាហារូបករណ៍ឧបត្ថម្ភពីរាជរដ្ឋាភិបាលជប៉ុន។
នេះបានសបញ្ជាក់ថា បណ្ដាប្រទេសជុំវិញតំបន់អាស៊ានកិច្ចសហប្រតិបត្តិការ ដ៏ស្អិតរមួតជាមួយប្រទេសជប៉ុន។ ក្នុងនោះមានកម្ពុជាដែលតែងតែជាចំណែកមួយផងដែរ ជាក់ស្ដែងយើងជាម្ចាស់ផ្ទះ ក្នុងការរៀបចំសន្និសីទលើកនេះជាដើម៕