(ភ្នំពេញ)៖ ទេសភាពដ៏អស្ចារ្យ និងជីវិតរស់នៅរបស់ប្រជាជនកម្ពុជា ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ សហការជាមួយក្រសួងទេសចរណ៍ លាតត្រដាងឡើង តាមរយៈការប្រកួតថតរូបមួយមានឈ្មោះថា ការប្រកួតថតរូបរបស់កម្ពុជា អង្គរ អ៊ែរ ២០១៨ ដែលនឹងបើកឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
ក្រសួងទេសចរណ៍ បានគាំទ្រពេញយ៉ាងទំហឹងចំពោះកម្មវិធីនេះ ដើម្បីជំរុញកំណើនទេសចរណ៍នៅប្រទេសកម្ពុជា។ កិច្ចសហការនេះផងដែរ ត្រូវបានចុះហត្ថលេខាដោយក្រសួងទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ក្នុងកម្មវិធិពិព័រណ៍ទេសចរណ៍ ២០១៨ កាលពីខែតុលាកន្លងទៅថ្មីៗនេះ។
ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ នឹងឧបត្ថម្ភទាំងស្រុងចំពោះរង្វាន់ដល់អ្នកឈ្នះនៅក្នុងកម្មវិធីនេះ។ អ្នកឈ្នះរង្វាន់លេខ១ នឹងទទួលបានប្រាក់១៥០០ដុល្លារ។
ទន្ទឹមនឹងការផ្សព្វផ្សាយទេសចរណ៍នៅកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ជាតិតែមួយគត់នេះ ក៏ទន្ទឹងរង់ចាំទទួលស្នាដៃដ៏អស្ចារ្យដែលចេញពីសមត្ថភាពប្រជាជនកម្ពុជា នាយុគសម័យថ្មីនេះ។
កម្មវិធីនេះនឹងបើកឲ្យមានការចុះឈ្មោះចូលរួម និងបញ្ចូលរូបភាព (upload) ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមរយៈគេហទំព័រ http://photo.cambodiaangkorair.com/។
រូបភាពដែលបានផ្ញើមកកាន់កម្មវិធី នឹងត្រូវបានផ្តល់ពិន្ទុ ដោយគណៈកម្មកាវាយតម្លៃពិន្ទុ ដែលមានសហភាពចូលរួមពីអ្នកជំនាញថតរូប តំណាងក្រសួងទេសចរណ៍ និងតំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ។ រូបភាពល្អៗ ក៏ត្រូវបានដាក់ឲ្យកាត់សេចក្តី តាមរយៈបណ្តាញសង្គម Facebook របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ http://photo.cambodiaangkorair.com/។
ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ជាក្រុមហ៊ុនជាតិតែមួយគត់ដែលបម្រើដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសតាំងពីឆ្នាំ២០០៩ ហើយត្រូវបានប្រសិទ្ធនាមថា ជាក្រុមហ៊ុនអាកាសចរណ៍ល្អប្រចាំ ឆ្នាំ២០១២ ឆ្នាំ២០១៤ និងឆ្នាំ២០១៨ ដោយក្រសួងទេសចរណ៍។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងធ្វើការបម្រើសេវាកម្មហោះហើរក្នុងនិងក្រៅប្រទេស ជាពិសេសនៅប្រទេសចិន វៀតណាមជាដើម៕