(បាត់ដំបង)៖ បុរសម្នាក់បាជិះម៉ូតូក្នុងល្បឿនលឿន បានរេចង្កូតទៅបុកចំពីមុខរថយន្តបណ្តាលឱ្យស្លាប់ភ្លាមៗ ឯអ្នកបើកបររថយន្តគេខ្លួនបាត់ ហើយសពជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យនៅផ្ទះតាមប្រពៃណី និងមធ្យោបាយទាំង២ ត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ត ដឹកយកទៅរក្សាទុកនៅការិយាល័យជំនាញដោះស្រាយតាមច្បាប់នៅពេលក្រោយ។

ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង១៨៖៣០នាទីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥៧ត្រង់ចំណុចក្រុមទី៦ ភូមិរំជៃឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូបើកបរច្រាស់ទិសគ្នា (លិច-កើត) ម៉ូតូម៉ាកហុង C125 ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង1M-5775 បើកបរដោយឈ្មោះ ហួត ចាន់ថន អាយុ៣៤ឆ្នាំ រស់នៅភូមិថ្មី ឃុំតាគ្រាមស្រុកបាណន់ ខេត្តបាត់ដំបង (ជាយោធា) បើកបរពីលិចទៅកើត រួចបានជ្រុលទៅបុករថយន្តចំពីមុខ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។

ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ស្លាកលេខស្វាយរៀង 3A-0716 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ដោយទុករថយន្តចោលនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន។ ចំណែករថយន្ត និងម៉ូតូត្រូវនគរបាលចរាចរណ៍ខេត្ត បានយកទៅរក្សាទុកបណ្តោះអាសន្នរង់ចាំភាគីទាំង២ ចូលខ្លួនមកដោះស្រាយតាមច្បាប់នៅពេលក្រោយ៕