(ភ្នំពេញ)៖ សាកលវិទ្យាល័យការពារជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ បានចេញសេចក្តីប្រកាសព័ត៌មាន សម្តែងក្តីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ចំពោះមរណភាពរបស់លោកវរសេនីយ៍ត្រី រិន រី និស្សិតនាយទាហានវគ្គបរិញ្ញាបត្រជាន់ខ្ពស់ អប់រំចិត្តសាស្ត្រជាន់ខ្ពស់យោធាជំនាន់ទី២ នៃសាកលវិទ្យាល័យការពារជាតិ កងឯកភាពដើមកងពលតូចអន្តរាគមន៍លេខ១៤ ដែលបានទទួលមរភាពកាលពីថ្ងៃទី៣០ ខែតុលា។
តាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នា ជាសាកលវិទ្យាធិការ សាកលវិទ្យាធិការរង នាយកមហាវិទ្យាល័យទាំង៥ និងស្ថាប័នចំណុះ ព្រមទាំងយោធាចារ្យ និស្សិត សិក្ខាកាមទាំងអស់ ក្នុងសាកលវិទ្យាល័យការពារជាតិ សូមចូលរួមសម្តែងនូវមានទុក្ខ ដ៏សែនក្រៀមក្រំនិងសោកស្តាយជាទីបំផុត ជាមួយនឹងក្រុមគ្រួសារនៃសពទាំងអស់ ដែលបានបាត់បង់ស្វាមី ឪពុក ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់កុលបុត្រខ្មែរ ជាវីរៈយុទ្ធជន ដែលធ្លាប់បានលះបង់គ្រប់បែបយ៉ាងក្នុងការបម្រើជាតិ មាតុភូមិនាពេលកន្លងមក ជាពិសេសជាការបាត់បង់និស្សិតនាយទាហាន ដ៏ឆ្នើមមួយរូប ដែលបានយកចិត្តទុកដាក់ដល់ការសិក្សា»។
សូមជម្រាបថា វរសេនីយ៍ត្រី រិន រី បានស្លាប់កាលពីវេលាម៉ោង៣៖៣០នាទីទាបភ្លឺ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងចំណុចសាលាសកលវិទ្យាល័យការពារជាតិ តាមផ្លូវបេតុង ក្រុម១ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកមានអាយុ៥០ឆ្នាំ មុខងារនាយរងការិយាល័យទី២ នៃកងពលតូចអន្តរាគមន៍លេខ១៤ បញ្ជាការដ្ឋានកងទ័ពជើងគោក ឋានន្តរស័ក្កវរសេនីយ៍ត្រី មានទីលំនៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ក្រោយពេលកើតហេតុ ក្រសួងការពារជាតិ បានទាក់ទងជាមួយសមត្ថកិច្ចមូលដ្ឋាន និងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងព្រះរាជអាជ្ញារងមកធ្វើកោសល្យវិច្ច័យ ដោយមានកំណត់ហេតុស្រាវជ្រាវ ពិនិត្យឃើញថា លោក រិន រី មានជំងឺប្រចាំកាយរ៉ាំរ៉ៃយូរមកហើយ។ នៅថ្ងៃកើតហេតុ ជំងឺបានសើរើឡើងខ្លាំង ធ្វើឲ្យវិលមុខបាត់ស្មារតី ធ្វើឲ្យគាត់រអិលធ្លាក់ពីជាន់ទី២ នៃអាគារB ជាទីដែលលោកស្នាក់នៅពេលរៀនសូត្រ ប៉ះពាល់ដល់ក្បាលយ៉ាងធ្ងន់ធ្ងរ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង៕