(ភ្នំពេញ)៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានការងារចុះជួយសង្កាត់ស្ទឹងមានជ័យ២ បានចូលរួមនៅក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ នៅខណ្ឌមានជ័យ ដែលរៀបចំធ្វើនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ ក្រោមការអញ្ជើញចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ លោក ពេជ្រ កែវ មុនី បានរៀបរាប់ និងបង្ហាញយ៉ាងលំអិតនូវគោលការណ៍សំខាន់ៗមួយចំនួន ដែលបង្ហាញពីគោលការណ៍ការពារភូមិ-ឃុំមានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកអភិបាលខណ្ឌមានជ័យ បានបន្ថែមឲ្យដឹងថា ការការពារភូមិ-ឃុំមានសុវត្ថិភាព គឺរឿងដែលសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ បើសន្តិសុខមិនល្អនោះ ការរស់នៅរបស់ ប្រជាពលរដ្ឋ ក៏មិនអាចស្ងប់សុខបានដែរ ដូចនេះ ក្រុមការងារ ការពារសុវត្ថិភាព ប្រជាពលរដ្ឋ ក៏ដូចជា ប្រជាពលរដ្ឋផ្ទាល់ ត្រូវមានការយល់ដឹង ឲ្យបានច្បាស់លាស់ ពីគោលការណ៍គ្រឹះ នៃការពារភូមិ-ឃុំមានសុវត្ថិភាព ដើម្បីជាភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានោះ លោក ពេជ្រ កែវមុនី ក៏បានថ្លែងអរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ននេះ៕