(កំពង់ធំ)៖ នៅល្ងាចថ្ងៃទី៣០ ខែ​តុលា​ ឆ្នាំ​២០១៨​ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីត យុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួម​ជាមួយ​អាជ្ញាធរ​ដែនដីភូមិ-ឃុំប្រជាពលរដ្ឋ​ និង​ព្រះ​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ត្នោត​ជុំ​ បានអញ្ជើញ និងនិមន្តទៅប្រគល់ផ្ទះខ្នង ទំហំ ៤មx៦ម សាងសង់​អំពីឈើ ខ្ពស់​ពីដី រនាប​ និង​ជញ្ជាំង​ក្តារ​ ប្រក់​ស័ង្កសី​ ដែល​ត្រូវ​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់អស់ទឹកប្រាក់ចំនួន ៦,៨៩០,០០០​ រៀល​ ដែល​ជាអំណោយ​របស់​សម្ដេចតេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា។

អំណោយនេះធ្វើឡើង តាម​រយៈលោកទេសរដ្ឋមន្រ្តី គន់ គីម​ អគ្គលេខាធិការ​សមាគមអតីតយុទ្ធជនកម្ពុជា ជូន​លោក​នាយចំណង់ ប៊ុន សៅ​ អាយុ​៥៦ឆ្នាំ​ ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​នៅ​ឆ្នាំ​១៩៨១​ នៅ​អង្គភាព​យោធាស្រុកបារាយណ៍​ ខេត្តកំពង់ធំ​ ហើយ​ត្រូវ​របួស​ពិការ​នៅ​ឆ្នាំ​១៩៨៦​ នៅ​សមរភូមិ​អូរសាលា​ ច្រាំង​ក្រហម​ ក្នុង​បេសកកម្ម ​នៅ​លើ​ទឹក​ដី​ឃុំ​កំពង់​ស្វាយ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​។

​នាយ​ចំណង់​ ប៊ុន សៅ​ មាន​កូន​នៅ​ក្នុង​ចំនួន​៤​នាក់ បច្ចុប្បន្ន​រស់​នៅ​ភូមិ​ត្នោត​ជុំ​ ឃុំ​ត្នោត​ជុំ​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​។

ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ និង​ប្រគល់ផ្ទះនៅពេលនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងក្រុម​ការងារ​ រួម​គ្នា​ជាមួយ​ព្រះ​សង្ឃ​ និង​សប្បុរសជន​បានឧបត្ថម្ភជូនគាត់បន្ថែមទៀតរួមមាន៖ អង្ករ​ចំនួន​៥០គីឡូ​ក្រាម​, មីយើងចំនួន​៣កេស, ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន​២យួរ, ទឹក​បរិសុទ្ធ​ចំនួន​១កេស, ថវិកា​ចំនួន​៦០០,០០០​រៀល​ និង​សម្ភារ​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន​ទៀត៕