(ភ្នំពេញ)៖ ក្រុមជើងខ្លាំងប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ បានយកខ្សែក្រវ៉ាត់ទៅវាយប្លន់យកម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1DE-2182 ពីជនរងគ្រោះដែលកំពុងបណ្ដើរបែកកង់ បានសម្រេច តែរត់គេចខ្លួនបាន៣ថ្ងៃ ត្រូវជាប់ខ្នោះរបស់កម្លាំងនគរបាលខណ្ឌឬស្សីកែវ និងម្នាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនពីបទរក្សាទុកថ្នាំញៀនផងដែរ។
លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការនេះបានធ្វើឡើងនៅផ្ទះជួលមួយកន្លែង ក្នុងក្រុមទី៣ ភូមិស្វាយប៉ាក និងមួយកន្លែងទៀតស្ថិតក្នុងក្រុម៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ ការស្រាវជ្រាវភ្លាមៗនេះ ក៏ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ដើម្បីបើកប្រតិបត្តិការ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ មកដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ។
លោក គល់ យី បានបញ្ជាក់ថា ជនសង្ស័យប្រើប្រាស់គ្រឿងញៀន ដែលសមត្ថកិច្ចតាមស៊ើបអង្កេតបង្ក្រាបបានក្នុងករណីប្រើខ្សែក្រវ៉ាត់វាយប្លន់យកម៉ូតូរួមមាន៖
*ទី១៖ ឈ្មោះ ឡើ វ៉ាហេត ហៅរ៉ន អាយុ២១ឆ្នាំ ជនជាតិឥស្លាម មុខរបរមិនពិតប្រកដ ស្នាក់នៅផ្ទះលេខ១២៧ ភូមិ២ សង្កាត់ច្រាំចំរេះ១ ខណ្ឌឬស្សីកែវ
*ទី២៖ ឈ្មោះ ស៊ុយ វណ្ណសកិ្ត អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកខ្មៅ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល
*ទី៣៖ ឈ្មោះ ហ្វី សូលី អាយុ២៥ឆ្នាំ ជនជាតិឥស្លាម មុខរបរកម្មករ ស្នាក់នៅភូមិ២ សង្កាត់ច្រាំចំរេះ១ ដោយក្នុងប្រតិបត្តិការនោះ ដកហូតបានវត្ថុតាងមានម៉ូតូម៉ាក MSX ពណ៌ក្រហមលាយខ្មៅដែលគ្មានស្លាកលេខ១គ្រឿង និង១គ្រឿងទៀតម៉ាកស៊ូរូស ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AM-1128។ រីឯជនរងគ្រោះឈ្មោះ បូ វណ្ណដេត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៣៦៦B ក្រុម៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
លោក គល់ យី បានបញ្ជាក់ទៀតថា ជនសង្ស័យដែលសមត្ថកិច្ចបង្ក្រាបជាក់ស្ដែង ក្នុងបទរក្សាទុក និងប្រើប្រាស់គ្រឿងញៀនមានឈ្មោះ តាំ សុភា អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិធំ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ដោយដកហូតបានក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច ជាមួយម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1M-1013។
លោកអធិការខណ្ឌបានឲ្យដឹងផងដែរថា ក្រោយពីបង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់ ជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាងពាក់ព័ន្ធ ត្រូវបាននាំមកបន្តឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ក្នុងការកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធី៕