(កោះកុង)៖ ក្មេងប្រុសម្នាក់ បានច្នៃព្រួញបាញ់ត្រី តែចៃដន្យ ផ្លែព្រួញបានរត់មកទម្លុះឆ្អឹងជំនីរបស់ខ្លួនឯង បណ្តាលឱ្យស្លាប់តែម្តង នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល នាវេលាម៉ោង២៖៣០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។
បើតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា សពរងគ្រោះមានឈ្មោះ សៀង អាន អាយុ១៣ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ត្រូវផ្លែព្រួញបាញ់ត្រូវចំឆ្អឹងជំនីខាងស្តាំ ធ្លាយទៅម្ខាងបណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។
តាមការបញ្ជាក់របស់ឪពុកម្តាយ ជនរងគ្រោះបានឲ្យដឹងថា នៅគ្រាដែលកូនរបស់គាត់ បានទៅបាញ់ត្រីនៅ ក្នុងស្ទឹងពេលនោះ ក៏បានជ្រមុជទឹកបាញ់ត្រី តែពុំឃើញត្រី ក៏ឡើងមកច្រាំងវិញ ហើយបានយកឧបករកែច្នៃបាញ់ត្រីនោះ ច្រត់ដៃប៉ះចំគន្លឹះបណ្តាលឲ្យ ផ្លែព្រួញមុតទម្លុះដងខ្លួន ចំឆ្អឹងជំនីខាងស្តាំធ្លាយទៅម្ខាងស្លាប់ភ្លាមៗតែម្តងទៅ ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្រែអំបិល សហការការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល បានចុះធ្វើកោសល្យវិច្ច័យសព។ ក្រោយពិនិត្យរួច កម្លាំងជំនាញបានបញ្ជាក់ថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយសារ ឧបករកែច្នៃបាញ់ត្រីបង្កដោយខ្លួនឯងពិតប្រាកដមែន ។
បច្ចុប្បន្ន សពបានប្រគល់ជូនទៅអាណាព្យាបាលចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕