(ភ្នំពេញ)៖ នៅថ្ងៃស្អែកព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ផ្ទេរ និងចូលកាន់មុខតំណែងព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១៥៖០០នាទីរសៀល នាសាលាដំបូងរាជធានីភ្នំពេញ នេះបើយោងតាមការបញ្ជាក់ពីលោក សំ ប្រជាមានិត អគ្គលេខាធិការ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
សូមជំរាបថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល មហាអយ្យការអមសាលាឧទ្ធរណ៍ និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត សរុបចំនួន២៤រូប៕