(ចិន)៖ ផ្កាយរណបម៉ារីនចិន អេកជ៍ វ៉ាយ ធូប៊ី (HY-2B) ដែលត្រូវបានបង្ហោះចូលក្នុងគន្លង ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប តាយយូអាន (Taiyuan) ភាគខាងជើងប្រទេសចិន កាលពីថ្ងៃព្រហស្បត្តិ៍មុន មិនអាចមានភាពជោគជ័យទៅរួចបានទេ ប្រសិនបើគ្មានកិច្ចខំប្រឹងប្រែងរួមនៃបុគ្គលិកជាច្រើននាក់ ធ្វើការលើគម្រោងនេះ។
ប្រសិនបើមានកំហុសណាមួយ ការបាញ់កាំជ្រួចនឹងមិនអាចកើតឡើងបានឡើយ និងធ្វើឱ្យខាតបង់ប្រាក់ច្រើនសន្ធឹកសន្ធាប់។ ដូច្នេះហើយ គេទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការត្រួតពិនិត្យ កំហុសណាមួយសូម្បីតែកំហុសតូចបំផុតក៏ដោយ។
វាបូករួមនឹងការបង្កើតឧបករណ៍ដោយដៃ សម្រាប់ធ្វើតេស្តសាកល្បងគុណភាពឥន្ធនៈ។
លោក វ៉ី ស៊ូហ្វេង អ្នកបច្ចេកទេសក្នុងមន្ទីរពិសោធន៍ នៃស្ថានីយ៍សាកល្បងការបង្ហោះរបស់សាខាប្រាំ ប្រចាំមជ្ឈមណ្ឌលបង្ហោះផ្កាយរណបតាយយូអាន និយាយថា «កម្រាស់ស្តង់ដារនៃសំបកអំពូលគួរតែស្ដើងជាង 0.1មីល្លីម៉ែត្រ តែក្រាស់ពេកឬក៏ស្ដើងពេកក៏ជាបញ្ហាដែរ។ ការផ្លុំខ្យល់ទៅក្នុងអំពូលក៏មិនមែនជារឿងស្រួលដែរ។ គ្រប់ពេលដែលយើងផ្លុំខ្យល់ទៅក្នុងអំពូលនីមួយៗ កម្លាំងខ្យល់ត្រូវតែហាប់និងរលូន មិនត្រូវខ្លាំងពេកឬខ្សោយពេកទេ»។
នៅពេលដែលអំពូលរួចរាល់ ជំហានបន្ទាប់គឺការយកគំរូវិភាគរបស់ឥន្ធនៈកាំជ្រួចរ៉ុកកែត។ ដោយសារតែ ប្រេងឥន្ធនៈងាយឆេះ ងាយផ្ទុះនិងងាយកាត់ ដូច្នេះហើយទើបអ្នកបច្ចេកទេសនៃមន្ទីរពិសោធន៍ តម្រូវឲ្យពាក់ឈុតនិងរបាំងការពារមុខ នៅពេលចូលយកគំរូមកវិភាគម្ដងៗ។
លោក លីវ ដុងសេង នាយកនៃស្ថានីយ៍សាកល្បងការបង្ហោះរបស់សាខាប្រាំ និយាយថា «ឈុត និងរបាំងការពារមុខអាចបញ្ចៀសយើងពីគ្រោះថ្នាក់ ក៏ប៉ុន្តែការស្លៀកពាក់ឈុតនេះ មិនមានភាពងាយស្រួលឡើយ។ ជាឧទាហរណ៍ក្នុងរដូវក្តៅពេលសីតុណ្ហភាពឡើងខ្ពស់ យើងធ្វើការជាច្រើនម៉ោង ហើយនៅពេលចប់ម៉ោងធ្វើការ ទឹកហូរចេញពីឈុតហ្នឹងតែម្ដង»។
សូម្បីធ្វើការតេស្តសាកល្បងលើកដំបូង បានបញ្ចប់ក៏ដោយ ក៏យើងត្រូវចាំឱ្យប្រេងឥន្ធនៈចុះត្រជាក់វិញជាមុនសិន មុននឹងធ្វើការបាញ់បង្ហោះកាំជ្រួចរ៉ុកកែត ដើម្បីធានាសុវត្ថិភាពនៃបេសកកម្ម។
លោក វូ ជីនសេង អ្នកបច្ចេកទេសក្នុងមន្ទីរពិសោធន៍ នៃស្ថានីយ៍សាកល្បងការបង្ហោះរបស់សាខាប្រាំ ប្រចាំមជ្ឈមណ្ឌលបង្ហោះផ្កាយរណបតាយយូអាន បានឲ្យដឹងថា «គេត្រូវការឧបករណ៍អង្គធាតុគីមីរាវចំនួនបួន ព្រមទាំងការវិភាគនិងធ្វើតេស្តសាកល្បង នៃគ្រឿងសំគាល់ចំនួន៣២ដង។ ដើម្បីធានាបាននូវគុណភាពឧបករណ៍អង្គធាតុគីមីរាវនីមួយៗ ការធ្វើតេស្តសាកល្បងជាប់ៗគ្នាបីដង ត្រូវតែដំណើរការសម្រាប់គ្រឿងសំគាល់ទាំងនោះ»៕ (សារព័ត៌មាន CCTV របស់ចិន)