(ចិន)៖ អាជ្ញាធរក្រុងធានជីន ភាគខាងជើងប្រទេសចិន បានបង្កើនកម្លាំងបន្ថែម ដើម្បីដោះស្រាយបញ្ហាកាកសំណល់រឹង ដែលនាំចូលដោយខុសច្បាប់ ដែលកំពុងរក្សាទុកនៅឯកំពង់ផែក្រុង។
នៅឯកំពង់ផែធានជីន មានទូកុងតឺន័រជាច្រើន កំពុងផ្ទុកកាកសំណល់រឹងចំរុះប្រភេទដូចជា កម្ទេចផ្លាស្ទីក និងកម្ទេចក្រដាស ធាតុស័ង្កសីអុកស៊ីត និងកាកសំណល់កំណាត់កប្បាស។ ទូកុងតឺន័រដែលផ្ទុកកាកសំណល់រឹងនេះ គ្របដណ្តប់លើផ្ទៃដីទំហំដល់ទៅ១៥០០០ម៉ែតការ៉េឯណោះ។
ភាគីដែលជាអ្នកទិញកាកសំណល់ទាំងនេះ បានទុកកុងតឺន័រទាំងនេះចោល ព្រោះគេមិនហ៊ានមកទទួលខុសត្រូវ លើកាកសំណល់ខុសច្បាប់ទាំងនេះទេ ក្រោយពីអង្គភាពគយមិនផ្តល់លិខិតអនុញ្ញាតឱ្យនាំចូល។
គេមិនអាចបញ្ជូនកាកសំណល់ខុសច្បាប់ទាំងនោះ ត្រលប់ទៅវិញភ្លាមៗ ទៅកាន់ប្រទេសដែលបានបញ្ជូនវាមកនោះទេ។ ដូច្នេះវាអាចនឹងបំពុលដល់បរិស្ថានដែលនៅជុំវិញតំបន់នេះ។ នេះបើយោងតាមអង្គភាពគយក្រុងធានជីន។
លោក លាវ ហានវឹន អនុប្រធាន ក្រុមប្រតិបត្តិការ អធិការដ្ឋានត្រួតពិនិត្យផ្នែកដឹកជញ្ជូនអន្តរជាតិនៃកំពង់ផែធានជីន និយាយថា «ក្រោយពីទុកចោលរយៈពេលយូរ ធុងកុងតឺន័រទាំងនោះអាចនឹងលេច ពីព្រោះធុងមួយចំនួនមិនបានបិទឱ្យជិតត្រឹមត្រូវនោះទេ។ ហើយវានឹងប៉ះពាល់ដល់បរិស្ថាន»។
ក្នុងករណីគេរកឃើញថាទំនិញ ដែលបានដឹកចូលមក គឺជាកាកសំណល់ ក្រុមហ៊ុនដែលដឹកវាចូលមកនោះ មានកាតព្វកិច្ចត្រូវបញ្ជូនទំនិញទាំងនោះ ត្រលប់ទៅប្រទេសដើមវិញ។ ក៏ប៉ុន្តែភាគច្រើននៃក្រុមហ៊ុនទាំងនោះ មិនចង់រ៉ាប់រងថ្លៃចំណាយលើការដឹកជញ្ជូនត្រលប់ទៅវិញនេះទេ។
លោក ចាង ឆឹង អនុប្រធានមន្ទីរត្រួតពិនិត្យនិងប្រកាសពន្ធ នៃអង្គភាពគយក្រុងធានជីន និយាយថា «ប្រសិនបើយើងចង់បញ្ជូនសំរាមទាំងនេះ ទៅកន្លែងដើមរបស់វា បណ្ដាប្រទេសដែលជាម្ចាស់នៃកាកសំណល់ទាំងនេះ នឹងតម្រូវឲ្យយើងបំពេញបែបបទបរិស្ថាននិងឯកសារទាក់ទងជាច្រើនទៀត។ ដូច្នេះ ការងារនេះ គឺពិតជាស្មុគស្មាញខ្លាំងណាស់»។
បើគិតចាប់តាំងពីដើមឆ្នាំនេះមក អង្គភាពគយក្រុងធានជីន បានបញ្ជូនកាកសំណល់រឹងចំនួន១៤,៦០០តោន ត្រលប់ទៅប្រភពដើមវិញ យ៉ាងជោគជ័យ ដោយសហការជាមួយមន្ទីរនិងក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗ។ ប៉ុន្តែកំពង់ផែក្រុងធានជីន នៅសល់កាកសំណល់រឹងជាង 6ពាន់តោនទៀត ដែលត្រូវដឹកទៅប្រភពដើមវិញ។
ដើម្បីដោះស្រាយបញ្ហានេះ អង្គភាពគយក្រុងធានជីន បានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកមួយ ដើម្បីកម្ចាត់កាកសំណល់ទាំងនេះនៅនឹងកំពង់ផែផ្ទាល់តែម្តង ដោយប្រើវិធីដែលប៉ះពាល់បរិស្ថានតិចតួចបំផុត។
លោក ហាន សៀវគ័ង បុគ្គលិក ក្រុមហ៊ុនការពារបរិស្ថាន និយាយថា «ការដុតសំរាមនៅក្នុងឡរ គឺជាបច្ចេកទេសមួយ ដែលគេបានប្រើយូរគួរសមដែរ នៅក្នុងប្រទេសចិនយើងនេះ។ សីតុណ្ហភាពនៅខាងក្នុងឡរ អាចឡើងដល់ 1700 អង្សាសេ ដែលអាចដុតកាកសំណល់រឹងភាគច្រើនក្នុងបរិយាកាសអាល់កាឡាំង។ វិធីនេះ ក៏ស្របតាមឬខ្ពស់ជាងស្តង់ដារជាតិផងដែរ»៕ (សារព័ត៌មាន CCTV របស់ចិន)