(ចិន)៖ ចិនបានបង្កើតផ្ទៃដីដាំដុះជាង៣៧លានហិចតា ចាប់តាំងពីឆ្នាំ២០១១ ដល់២០១៧ បានជាងពាក់កណ្ដាលនៃគោលការណ៍សម្រាប់ឆ្នាំ២០២២ ដែលមានគោលដៅបង្កើតដីស្រែចំការប្រមាណ៦៧លានហិចតា ត្រឹមឆ្នាំ២០២២។ នេះបើយោងតាមការលើកឡើង របស់ក្រសួងកសិកម្ម និងកិច្ចការជនបទចិន កាលពីសប្ដាហ៍មុន។
លោក លូ គុយមីន មន្ត្រីមួយរូបមកពីក្រសួងបានថ្លែងថា ដីស្រែចំការប្រកបដោយគុណភាពខ្ពស់ កំពុងជួយបង្កើនទិន្នផលផលិតកម្ម បានយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅពាសពេញផ្ទៃប្រទេស។
លោក លូ គុយមីន ប្រធាននាយកដ្ឋានសំណង់ដីស្រែចំការ នៃក្រសួងកសិកម្មនិងកិច្ចការជនបទចិន និយាយថា «គុណភាពផ្ទៃដីដាំដុះកំពុងតែមានភាពប្រសើរឡើងហើយ។ អត្ថប្រយោជន៍ទីមួយនៃកត្តានេះគឺ ការបង្កើនផលិតកម្ម។ សម្រាប់ស្រែចំការដែលមានផ្ទៃដី៦៦៧ម៉ែត្រការេ ផលិតកម្មកើនឡើងដល់ជាង១០០គីឡូ។ អត្ថប្រយោជន៍ទីពីរនោះ គឺការសន្សំសំចៃទឹកនិងថាមពល»។
លោក លូ បានមានប្រសាសន៍ថា ការប្រើប្រាស់ផ្ទៃដីដាំដុះយ៉ាងកាន់តែមានប្រសិទ្ធភាព អាចជួយសន្សំទឹកបាន២៤,៣ភាគរយ និងថាមពល ៣០,៨ភាគរយ។ ស្របពេលជាមួយគ្នានេះផងដែរ ការប្រើប្រាស់ជី និងថ្នាំសម្លាប់សត្វល្អិត ក៏ត្រូវបានកាត់បន្ថយត្រឹម១៣,៨ ភាគរយ និង ១៩,១ភាគរយរៀងគ្នា។
លោក លូ គុយមីន និយាយថា «ដីស្រែចំការដូចនេះពិតជាល្អណាស់ សម្រាប់ឧស្សាហូបនីយកម្មកសិកម្ម និងប្រតិបត្តិការកសិកម្មខ្នាតធំល្មម។ ការបង្កើតផ្ទៃដីដាំដុះប្រកបដោយគុណភាពខ្ពស់ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការរក្សាផលិតកម្មដំណាំរបស់ចិន ឱ្យនៅថេរជាង៦សែនលានគីឡូ»។
លោក លូ ក៏បានលើកឡើងផងដែរថា នៅត្រឹមចុងឆ្នាំនេះ ដីស្រែចំការដែលមានគុណភាពខ្ពស់ប្រហែល៤២,៧ លានហិចតា នឹងមាននៅពាសពេញប្រទេសចិន។
លោក លូ គុយមីន បន្តទៀតថា «ផ្ទៃដីជាមធ្យមប្រមាណ ៦៦,៧លានហិចតា គួរតែត្រូវបង្កើតឱ្យមានឡើងជារៀងរាល់ឆ្នាំ។ យើងមានស្រុកស្រែចំការជាង២ពាន់ ឯណោះ ដូច្នេះស្រុកនីមួយៗគួរបង្កើតឱ្យបានប្រហែល ២៧00ហិចតា»។
បើគិតអំពីស្ថានភាពទូទៅរបស់ប្រទេសចិន ដីកសិកម្មមិនទាន់មានគ្រប់គ្រាន់នៅឡើយទេ សម្រាប់មនុស្សម្នាក់ៗ ហើយដីស្រែចំការទៀតសោតមិនសូវមានគុណភាព។ បើទោះបីជាគោលការណ៍ត្រូវបានបញ្ចប់នាឆ្នាំ ២០២២ក៏ដោយ លោក លូ សារភាពថា ត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ នៃផ្ទៃដីដាំដុះដែលមាននៅក្នុងប្រទេសចិន នឹងទទួលបានផលប្រយោជន៍ពីកំណែលម្អទាំងនេះ៕ (សារព័ត៌មាន CCTV របស់ចិន)