(ថៃចូវ, ជាំងស៊ូ, ចិន)៖ អភិបាលរងទីក្រុងថៃចូវ លោក Yang Jie ប្រកាសជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាឲ្យកាន់តែប្រសើរថែមទៀត ដោយបើកឱកាសឲ្យនិស្សិតកម្ពុជាមកទទួលការសិក្សានៅទីក្រុងថៃចូវ ជំរុញអ្នកទេសចរ និងអ្នកវិនិយោគទៅកាន់ប្រទេសកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។

ការអះអាងរបស់លោក Yang Jie បានធ្វើឡើងក្នុងពេលរូបលោកអនុញ្ញាតឲ្យគណៈប្រតិភូព័ត៌មានកម្ពុជាចូលជួបសម្ភាសន៍ស្វែងយល់ពីសក្តានុពលនៃការអភិវឌ្ឍរបស់ក្រុងថៃចូវ ក៏ដូចជាការពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជានាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅសាលាក្រុងថៃចូវ។

លោកអភិបាលរងក្រុងរូបនេះ បានអះអាងថា តាមរយៈនយោបាយផ្លូវមួយ និងខ្សែក្រវាត់មួយរបស់លោកប្រធានាធិបតីចិន ស៊ី ជិនភីង ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត គឺជារឿងសំខាន់មួយ ដែលត្រូវតែយកចិត្តទុកដាក់។

«មិត្តភាពកម្ពុជា-ចិន មានយូរអង្វែងណាស់មកហើយ។ យើងមានតួនាទីពង្រឹងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែប្រសើរ»។ លោក Yang Jie បង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

ទីក្រុងថៃចូវ ជាទីក្រុងមួយដែលមានឧស្សាហកម្មរីកចម្រើនលូតលាស់មួយនៅក្នុងខេត្តជាំងស៊ូ។ ជាពិសេសជាទីក្រុងផលិតឱសថ និងបរិក្ខាពេទ្យចំណាត់ថ្នាក់លេខ១នៅក្នុងប្រទេសចិន ដោយមានសហគ្រាសផលិតឱសថ និងផលិតគ្រឿងបរិក្ខាពេទ្យរហូតដល់ ២ម៉ឺនសហគាស ហើយក៏ជាខេត្តដែលមានសមត្ថភាពផលិតគ្រឿងចក្រកសិកម្ម និងនាវាជាច្រេីនគ្រឿងថែមទៀតផងក្នុងមួយឆ្នាំ។ ពោលនាវាដែលផលិតបានក្នុងមួយឆ្នាំអាចផ្ទុកទម្ងន់សរុបរហូតដល់ទៅ ១៥លានតោន​ ផ្ទុកប្រេងបាន៣៥ម៉ឺនតោន​ និងផ្ទុកកុងតឺន័របាន១៥០០កុងតឺន័រ។ ជាមួយនឹងប្រជាពលរដ្ឋជាង ៥លាននាក់ នៅឆ្នាំ២០១៧កន្លងទៅខេត្តនេះមានចំណូលប្រចាំសរុបប្រមាណ ៤០០ពាន់លានយ័ន ស្មើនឹងជាង ៥៧ពាន់លានដុល្លារអាមេរិក។

លោក Yang Jie បានអះអាងថា ដើម្បីពង្រីកទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឲ្យកាន់តែខ្លាំងក្លានោះ ទីក្រុងថៃចូវ បានចងសម្ព័ន្ធភាពជាមួយតំបន់សេដ្ឋកិច្ចពិសេសមួយនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមលោកអភិបាលរងក្រុង មានវិនិយោគិនពីទីក្រុងយ៉ាងចូវប្រមាណ ៣០០នាក់ហើយកំពុងរកស៊ីនៅកម្ពុជា ហើយរោងចក្រដែលកំពុងដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុនោះ ជារោងចក្រដែក និងតម្បាញ។

ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងទីក្រុងថៃចូវ និងខេត្តស្វាយរៀងនោះ ថ្នាក់ដឹកនាំខេត្តស្វាយរៀងធ្លាប់បានមកបំពេញទស្សនកិច្ចនៅក្នុងទីក្រុងថៃចូវ ហើយអភិបាលរងក្រុងថៃចូវ លោក Yang Jie ក៏បានធ្លាប់បានបំពេញទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាខេត្តស្វាយរៀងផងដែរកាលពីខែឧសភា ឆ្នាំ២០១៨នេះ។ លោកអភិបាលរងក្រុង បានកោតសរសើរពីស្ថានភាពអំណោយផលលើការវិនិយោគមួយចំនួននៅក្នុងប្រទេសកម្ពុជា។

សម្រាប់ផែនការអនាគតក្នុងការធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រុងថៃចូវ ខេត្តជាំងស៊ូ របស់ចិន និងកម្ពុជាឲ្យកាន់តែខ្លាំងក្លាថែមទៀតនោះ លោក Yang Jie បានប្រកាសផ្តល់ឱកាសឲ្យមកសិក្សានៅក្នុងទីក្រុងថៃចូវ ដែលមានការបណ្តុះបណ្តាលខ្ពស់លើផ្នែកឱសថ វេជ្ជសាស្ត្រ កសិកម្ម និងសិល្បៈ។ បច្ចុប្បន្នមាននិស្សិតមកពីប្រទេសសមាជិកអាស៊ានមួយចំនួនកំពុងសិក្សានៅទីនេះផងដែរ។

តាមរយៈជើងហោះហើរត្រង់ពីទីក្រុងថៃចូវ ទៅកាន់រាជធានីភ្នំពេញនោះ លោកអភិបាលរងក្រុង ក៏បានសន្យាជំរុញអ្នកទេសចរក្រុងថៃចូវទៅកាន់កម្ពុជា ហើយក៏រំពឹងមានពលរដ្ឋកម្ពុជាមកលេងថៃចូវផងដែរ។ លោកមានជំនឿចិត្តតាមរយៈការផ្លាស់ប្តូរដំណើរកម្សាន្តរវាងពលរដ្ឋទាំងពីរ នឹងក្លាយជាចំណែកមួយធ្វើឲ្យទំនាក់ទំនងក្រុងថៃចូវ និងកម្ពុជាកាន់តែប្រសើរ។

លោកអភិបាលរងក្រុងរូបនេះ បានមើលឃើញថា ការជំរុញសហគ្រាសទៅកាន់កម្ពុជា ជារឿងមួយដែលជួយធ្វើឲ្យសេដ្ឋកិច្ចនៅកម្ពុជាកាន់តែល្អប្រសើរ។ ដោយឈរលើទស្សនៈលោកអភិបាលរងក្រុងថៃចូវ បានសន្យាថា នឹងជំរុញអ្នកវិនិយោគពីថៃចូវទៅរកស៊ីនៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។

សូមបញ្ជាក់ថា ខេត្តថៃចូវ ធ្លាប់បានបញ្ជូនគ្រូពេទ្យទៅបំពេញការងារនៅក្នុងប្រទេសកម្ពុជា ហើយបច្ចុប្បន្នក៏មានកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យអង្គរក្នុងខេត្តសៀមរាបផងដែរ។ បើតាមអភិបាលរងក្រុងថៃចូវ លោកនឹងបន្តបញ្ជូនគ្រូពេទ្យទៅបំពេញការងារនៅកម្ពុជា ហើយក៏នឹងបន្តជួយដល់សុខាភិបាលរបស់កម្ពុជាផងដែរ។ លោកថា ការរួមចំណែកក្នុងវិស័យសុខាភិបាលនេះ ក៏ជាផ្នែកធ្វើឲ្យទំនាក់ទំនងទីក្រុងថៃចូវ និងកម្ពុជាកាន់តែប្រសើរផងដែរ៕