(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុញ្ញាតឲ្យលោក Yohei Shibasaki នាយកប្រតិបត្តិនៃក្រុមហ៊ុន Fourth Valley Concierge ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុនក្នុងការផ្តល់ឱកាសការងារដល់យុវជន សិស្ស និស្សិតនៅតាមបណ្តាលប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីមានឱកាសទៅធ្វើការនៅប្រទេសជប៉ុន។
កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួង នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។
លោកនាយកប្រតិបត្តិក្រុមហ៊ុន លើកឡើងថា គោលបំណងដែលរូបលោក និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រីនាពេលនេះ គឺដើម្បីសុំកិច្ចគាំទ្រពីខាងក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ដើម្បីបើកការិយាល័យក្រុមហ៊ុននៅកម្ពុជា ក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា មុននឹងបញ្ជូនទៅបម្រើការងារនៅប្រទេសជប៉ុន។
លោកនាយកប្រតិបត្តិក្រុមហ៊ុន លើកឡើងថា ក្រុមហ៊ុនរបស់លោកមានបទពិសោធន៍ ១០ឆ្នាំមកហើយ នៅតំបន់អាស៊ីអាគ្នេយ៍ គឺទទួលបានជោគជ័យជាខ្លាំង។
លោកថា បច្ចុប្បន្ននេះយុវជនកម្ពុជាក៏មានសមត្ថភាពដូចយុវជនដទៃទៀតនៅតាមបណ្តាលប្រទេសមួយចំនួនដែរ ដែលទទួលបាន
ឱកាសទៅធ្វើការនៅប្រទេសជប៉ុន។
ឆ្លើយតបទៅនឹងគោលបំណងនេះ លោករដ្ឋមន្ត្រី រីករាយស្វាគមន៍ និងគាំទ្រចំពោះសំណើនេះ ដោយលោករដ្ឋមន្ត្រីស្នើដល់ក្រុមហ៊ុន ត្រូវរៀបចំឯកសារតាមនីតិវិធី ដែលតម្រូវទៅតាមច្បាប់ជាមុនសិន។
លោករដ្ឋមន្ត្រីបានបន្តថា រដ្ឋាភិបាលកម្ពុជារីករាយ និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលជប៉ុន ដែលមកដល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនសហគ្រាសជាច្រើនរបស់ជប៉ុនចូលមកវិនិយោគនៅកម្ពុជា។ រីឯខាងផ្នែកវិស័យការងារវិញ កម្ពុជាក៏បានបញ្ជូនកម្មសិក្សាការីទៅធ្វើការនៅជប៉ុនក៏ច្រើនដែរ មកដល់ពេលនេះកម្មសិក្សាការីកម្ពុជាមានប្រហែលជាង៨ពាន់នាក់កំពុងធ្វើកម្មសិក្សានៅទីនោះ ដែលនៅជប៉ុនមានកម្លាំងពលកម្មច្រើនទាក់ទងទៅនឹងឧស្សាហកម្ម កសិកម្ម សេវាកម្ម និងថែទាំមនុស្សចាស់ជាដើម។
បើតាមការបញ្ជាក់ពី លោក ងុយ រិទ្ធ នាយករងខុទ្ទកាល័យក្រសួងការងារ បានឲ្យដឹងថា ក្រុមហ៊ុននេះ នឹងរៀបចំដំណើរការផ្តល់វគ្គបណ្តុះបណ្តាលដល់និស្សិតវ័យក្មេង ទទួលបានឱកាសទៅធ្វើការនៅជប៉ុនជាមួយនឹងក្រុមហ៊ុនល្បីៗ ដូចជាក្រុមហ៊ុន SONY ក្រុមហ៊ុន PANASONIC ក្រុមហ៊ុន HONDA និង ក្រុមហ៊ុន TOYOTA ជាដើម។
ក្រុមហ៊ុននេះបានផ្តល់ ឱកាសទៅដល់ប្រទេសជាច្រើននៅក្នុងតំបន់ ហើយបច្ចុប្បន្នក្រុមហ៊ុននេះបានពង្រីកខ្លួនមកដល់ប្រទេសកម្ពុជាដែរហើយ។
លោក ងុយ រិទ្ធ បានបញ្ជាក់ថា យុវជន និស្សិតកម្ពុជា នឹងទទួលបាននូវ ឱកាសចេញទៅធ្វើការនៅជប៉ុន ជាមួយក្រុមហ៊ុនធំៗ រយៈពេលពី៥ទៅ១០ឆ្នាំ។ នេះជា ឱកាសដែលយើងមិនធ្លាប់មានពីមុន ដែលពីមុនកម្ពុជាបញ្ជូនត្រឹមជាសិក្ខាកាម ឬជាអ្នកហាត់ការទេ មិនទាន់បានទទួលទិដ្ឋការការងារនៅឡើយទេ ប៉ុន្តែក្រុមហ៊ុននេះផ្តល់ ឱកាសឲ្យយុវជនកម្ពុជាទទួលបាននូវទិដ្ឋការការងារតែម្តង ធ្វើការបានរហូតពី៥ទៅ១០ឆ្នាំឯណោះ។
ពេលដែលយុវជនកម្ពុជា បានទៅធ្វើការជាមួយក្រុមហ៊ុនល្បីៗ ពួកគេនឹងមានសមត្ថភាពកាន់តែខ្ពស់ ខណៈបានវិលត្រឡប់មកបម្រើការងារឲ្យក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសជាតិវិញ ដែលជាប្រភពធនធានមនុស្សដ៏សំខាន់ចាំបាច់ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា៕