(កំពង់ឆ្នាំង)៖ ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការរងយោធិភូមិភាគពិសេស មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រគល់ផ្ទះចំនួន១ខ្នង ធ្វើពីឈើ ប្រក់សង្ក័សី ទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ សង់ផុតពីដី ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនដល់អតីតយុទ្ធជន ស៊ិន គាលី ស្ថិតនៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជនដែលរស់នៅទីនេះ និងផ្តាំផ្ញើដល់អតីតយុទ្ធជន ដែលទើបបានទទួលផ្ទះថ្មី ត្រូវ ខិតខំប្រឹងប្រែងបំពេញការងារដែលមានស្រាប់ និងចិញ្ចឹមសត្វដាំដំណាំផ្សេងៗបន្ថែម ដើម្បីជួយជីវភាពគ្រួសារ និងត្រូវចេះសាមគ្គី ជួយគ្នាពេលមានធុរៈ។
ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានណែនាំឲ្យមន្ត្រីសមាគមអតីតយុទ្ធជនខេត្ត ចុះពិនិត្យរកមើលសមាជិក ដែលអត់ដី អត់ផ្ទះពិតប្រាកដ ដើម្បីគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សាងសង់ជូនបន្ថែមទៀត។
ក្នុងទឹកមុខប្រកបដោយក្តីសប្បាយរីករាយលោក ស៊ិន គាលី ជាអតីតយុទ្ធជន និងក្រុមគ្រួសារដែលបានទទួលផ្ទះថ្មី តាមរយៈទេសរដ្ឋមន្រ្តី គន់ គីម បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងជីវភាពរស់នៅ ទាំងសុខភាព ផ្តល់ផ្ទះផ្តល់ដីដល់ពួកគាត់ ដែលមានជីវភាពខ្វះខាត ផ្តល់ប័ណ្ណ ប.ស.ស សម្រាប់ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដោយមិនអស់ប្រាក់ ពួកគាត់បួងសួងជូនពរឲ្យសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារបានសុខសប្បាយ សុខភាពរឹងមាំ បន្តដឹកនាំប្រទេសកម្ពុជាជារៀងរហូត៕