(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកទឹកចិត្តឱ្យដៃគូឯកជននានា ដែលប្រតិបត្តិការលើវិស័យទេសចរណ៍នៅទូទាំងខេត្តសៀមរាប ពង្រឹង និងពង្រីកផលិតផលទេសចរណ៍ថ្មីៗឱ្យបានកាន់តែច្រើន សម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនផងដែរ ហើយលោករដ្ឋមន្ត្រីក៏បានជំរុញដល់អាជ្ញាធរខេត្ត ត្រូវពង្រីកមធ្យោបាយធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ឱ្យបានច្រើនថែមទៀត ដើម្បីបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់តំបន់ទាំងនោះ។

ការជំរុញលើកទឹកចិត្តនេះ ត្រូវបានធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី ថោង ខុន រួមជាមួយលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមការងារទេសចរណ៍ជាមួយផ្នែករដ្ឋ ឯកជនក្នុងវិស័យទេសចរណ៍៩ខែ ឆ្នាំ២០១៨ នៅសាលាខេត្តសៀមរាប នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានរាយការណ៍ឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៨ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបចំនួន ៤,៤៥០,៧៣២នាក់ កើនឡើង ៨.៥៥% ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចំនួន ១,៩០១,៥៦៩នាក់ កើនឡើង ៨.៤៧% និងភ្ញៀវទេសចរជាតិចំនួន ២,៥៤៩,១៦៣នាក់ កើនឡើង ២.៣១%។

ប្រជាពលរដ្ឋ និងតំណាងសហគមន៍ទេសចរណ៍មួយចំនួន បានលើកឡើងពីបញ្ហាផ្លូវធ្វើដំណើរ ទាំងនៅក្នុងក្រុង និងផ្លូវទៅកាន់គោលដៅទេសចរណ៍នានា ដែលជាហេតុបង្កការលំបាកដល់ការធ្វើដំណើររបស់ភ្ញៀវ និងការដឹកជញ្ជូនភ្ញៀវទេសចរផងដែរ។ ជាមួយគ្នានោះ ពួកគាត់ក៏បានលើកឡើងពីបញ្ហាអគ្គិសនី សំរាម រូបវ័ន្តសាធារណៈនានា ក៏ដូចជាបញ្ហាផ្សព្វផ្សាយពីគោលដៅទេសចរណ៍ផងដែរ ដើម្បីទទួលបានការដោះស្រាយពីក្រសួងទេសចរណ៍ រដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាប។

បញ្ហាមួយចំនួនត្រូវបានលោកអភិបាលខេត្ត ឃឹម ប៊ុនសុង បកស្រាយបំភ្លឺជូនប្រជាពលរដ្ឋ សហគមន៍ និងភាគីពាក់ព័ន្ធក្នុងអង្គប្រជុំយ៉ាងក្បោះក្បាយ ដូចជាបញ្ហាសំរាម បញ្ហាផ្លូវធ្វើដំណើរ បញ្ហាបង្កើតសហគមន៍ បញ្ហាអគ្គិសនី និងកិច្ចការពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

បន្ទាប់ពីស្ដាប់នូវសំណូមពរ និងបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋ សហគមន៍ទេសចរណ៍ ដៃគូឯកជន និងភាគីពាក់ព័ន្ធរួចមក លោករដ្ឋមន្ត្រី ថោង ខុន បានផ្ដល់អនុសាសន៍ដល់រដ្ឋបាលខេត្តសៀមរាប ត្រូវពន្លឿនគម្រោងធ្វើផ្លូវដែលជាសមត្ថកិច្ចរបស់ខ្លួន ជូនប្រជាពលរដ្ឋបានឆាប់រហ័ស និងឱ្យបានច្រើនបន្ថែមទៀត ពិសេសត្រូវពង្រីកទៅឱ្យដល់គោលដៅទេសចរណ៍នានា។

លោករដ្ឋមន្ត្រីបានជំរុញឱ្យភាគីពាក់ព័ន្ធ ត្រូវពង្រីកការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងខេត្តសៀមរាប ត្រូវពង្រឹងគោលដៅទេសចរណ៍កម្ពុជាឱ្យបានល្អ ពង្រឹងការគ្រប់ប្រព័ន្ធអនឡាញក្នុងវិស័យទេសចរណ៍ ពីព្រោះការគ្រប់គ្រងទេសចរណ៍តាមអនឡាញ អភិវឌ្ឍន៍សេវាកម្មក្នុងសណ្ឋាគារសម្រាប់ភ្ញៀវទេសចរ ពិសេសភ្ញៀវអន្តរជាតិ ពង្រីកការផ្សព្វផ្សាយពីវិស័យទេសចរណ៍បន្ថែម។

លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យវិស័យឯកជន ចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អផងដែរ ដើម្បីរួមគ្នាយកចិត្តទុកដាក់អំពីបញ្ហាសំរាមនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងសាធារណៈ។

លោក ថោង ខុន បានស្នើឱ្យរដ្ឋបាលខេត្តសៀមរាប និងផ្នែកឯកជន រួមសហការគ្នាយកចិត្តទុកដាក់លើបញ្ហាចំពោះមុខចំនួន៥រួមមាន៖
១៖ ជំរុញការជួសជុលផ្លូវក្នុងក្រុង និងផ្លូវទៅកាន់គោលដៅទេសចរណ៍នានាឱ្យបានឆាប់រហ័ស។
២៖ ជំរុញការអនុវត្តផែនការ «សៀមរាបក្រៅពីប្រាសាទ» និងការធ្វើផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប។
៣៖ ពង្រឹងការគ្រប់គ្រងសហគមន៍ទេសចរណ៍។
៤៖ ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដោយយកចិត្តទុកដាក់បង្កើនសមត្ថភាពរបស់បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ តាមរយៈការបណ្ដុះបណ្ដាល។
៥៖ ខិតខំជំរុញចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋាន សេវាល្អ និងបដិសណ្ឋារកិច្ចល្អ»៕