(ថាយចូវ-ចិន)៖ លោក Yang Jie អភិបាលរងក្រុងថាយចូវ ប្រទេសចិន បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ការបង្ហាញការប្ដេជ្ញាចិត្តយ៉ាងដូច្នេះ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ ដែលបានទៅបំពេញទស្សនកិច្ច និងទេសចរ នៅតំបន់សំខាន់ៗ នៃទីកុ្រងរបស់ប្រទេសចិនមួយនេះ។
អភិបាលរងក្រុងថាយចូវ បានអះអាងថា ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការនេះ ក្រុងថាយចូវ នឹងជំរុញឲ្យមានការបណ្ដាក់ទុនរកស៊ី នៅប្រទេសកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ក៏ដូចជាបង្កើននូវកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល តាមរយៈការបញ្ជូនគ្រូពេទ្យ និងផ្ដល់ឱកាសឲ្យនិស្សិតកម្ពុជា ទៅបន្ដការសិក្សារៀនសូត្រនៅទីក្រុងនេះផងដែរ។
មន្ដ្រីជាន់ខ្ពស់រូបនេះ ក៏បានបង្ហាញនូវជំនឿជឿជាក់ថា តាមរយៈយន្ដការសំខាន់ៗដែលបានបង្ហាញនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងថាយចូវ និងប្រទេសកម្ពុជា កាន់តែល្អប្រសើរបន្ថែមទៀត។
សូមជម្រាបថា ទីក្រុងថាយចូវ ជាទីក្រុងមួយនៅខេត្តជាងស៊ូ ប្រទេសចិន ដែលមានឧត្តមភាពក្នុងការឱសថ, បរិក្ខាពេទ្យ និងផលិតនាវាផងដែរ ដែលពោរពេញទៅដោយសក្ដានុពលសេដ្ឋកិច្ច៕