(តាកែវ)៖ លោក សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ បានថ្លែងថា បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរបាននិងកំពុងបន្តដំណើរ ប្រកបដោយភាពជឿជាក់ជាមួយរាជរដ្ឋាភិបាលថ្មី អាណត្តិទី៦ ដែលកើតចេញពីឆន្ទៈយ៉ាងពិតប្រាកដតាមរយៈការបោះឆ្នោត ក្នុងនោះប្រជាពលរដ្ឋស្រុកគិរីវង់ ក៏បានបេ្តជ្ញាចូលរួមគាំទ្ររាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព សន្តិភាព និងការអភិវឌ្ឍផងដែរ។
ភាពជោគជ័យនៃដំណើរការប្រជាធិបតេយ្យនេះ បានបង្ហាញយ៉ាងច្បាស់ពីសាមគ្គីភាពយ៉ាងរឹងមាំរបស់ប្រជាជនកម្ពុជា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីម្ចាស់ការដឹកនាំជោគវាសនាប្រទេសជាតិរបស់ខ្លួន ក្នុងការការពារអធិបតេយ្យភាព សន្តិភាព និងការអភិវឌ្ឍ។
ការថ្លែងបែបនេះរបស់លោក សុខ សូកាន ត្រូវបានធ្វើឡើងក្នុងឱកាសពិធីប្រគល់រង្វាន់ និងប័ណ្ណសរសើរជូនដល់សិស្សជ័យលាភី និន្ទេស A ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅស្រុកគិរីវង់ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។
លោកបានកោតសរសើរ អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្សជ័យលាភីនិន្ទេស A ទាំង៤រូប ដែលទទួលបានលទ្ធផលជាទីគាប់ប្រសើរ និងប្រកបដោយមោទនភាពបំផុត។ លោកបានលើកឡើងថា ជ័យលាភីរបស់សិស្សនិន្ទេស A នេះ គឺបានជួយលើកស្ទួយកិត្តិយសជូនក្រុមគ្រួសាររបស់ខ្លួនផ្ទាល់ ក៏ដូចជាកេរ្តិ៍ឈ្មោះរបស់ស្រុកគិរីវង់ ខេត្តតាកែវ ជាស្រុកដែលពោរពេញទៅដោយធនធានមនុស្សមានសមត្ថភាពយ៉ាងសម្បូរបែប។
លោកក៏បានលើកទឹកចិត្តដល់សិស្សទាំង៤នាក់ ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងប្រកាន់ខ្ជាប់នូវសីលធម៌ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ និងចូលរួមជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខជាលំដាប់។
លោកជឿជាក់ថា គំរូវីរភាពរបស់សម្ដេចវិបុលបញ្ញា សុខ អាន នឹងស្ថិតនៅក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ហើយគំរូវីរភាពនេះនឹងជួយជំរុញលើកទឹកចិត្តសិស្សនិន្ទេស A ក៏ដូចជាលោកគ្រូ អ្នកគ្រូ នៅស្រុកគិរីវង់ទាំងអស់ ឱ្យខិតខំកសាងសមត្ថភាពប្រកបដោយឆន្ទៈមោះមុត មនសិការស្នេហាជាតិ ដើម្បីក្លាយទៅជាអ្នកដឹកនាំជោគ វាសនាប្រទេសជាតិរបស់ខ្លួន។
លោកបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបេ្តជ្ញាជំរុញកំណើនសិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និងសិស្សប្រឡងជាប់និន្ទេស A នៅស្រុកគិរីវង់ ឱ្យកើនឡើងជាប់ជាប្រចាំសម្រាប់នៅឆ្នាំក្រោយ និងឆ្នាំបន្តបន្ទាប់ ដើម្បីសម្រេចឱ្យបានតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលកំណត់យកការអភិវឌ្ឍធនធានមនុស្សជាវិស័យអាទិភាពទី១ ក្នុងចំណោមវិស័យអាទិភាពទាំង៤។
គួរបញ្ជាក់ថា សិស្សប្រឡងជាប់និន្ទេស A ស្រុកគិរីវង់ទាំង៤នាក់៖
១. លោក ជន ស៊ីវម៉េង សិស្សនិន្ទេស A មកពីវិទ្យាល័យ សុខ អាន ទន្លាប់ ឆ្នាំសិក្សា២០១៦-២០១៧។
២. កញ្ញា សាន គុន្ធា សិស្សនិន្ទេស A មកពីវិទ្យាល័យ សុខ អាន ទន្លាប់ ឆ្នាំសិក្សា២០១៧-២០១៨។
៣. លោក សូ សូរិយាវឌ្ឍនៈ សិស្សនិន្ទេស A មកពីវិទ្យាល័យគិរីវង់ ឆ្នាំសិក្សា២០១៧-២០១៨។
៤. កញ្ញា ម៉ិញ ស៊ីវមេង សិស្សនិន្ទេស A មកពីវិទ្យាល័យ សុខ អាន ទន្លាប់ ឆ្នាំសិក្សា២០១៧-២០១៨។
ទទួលបានម៉ូតូម៉ាក Zoomer X សេរី ២០១៨ ម្នាក់មួយគ្រឿង និងប័ណ្ណសរសើរម្នាក់មួយសន្លឹក ពីលោកអ្នកតំណាងរាស្ត្រ ព្រមទាំងកុំព្យូទ័រយួរដៃម្នាក់មួយគ្រឿង ពីសមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន ស្រុកគិរីវង់។ ព្រមជាមួយគ្នានេះ លោក សុខ សូកាន ក៏បានឧបត្ថម្ភសៀវភៅជាង ១ម៉ឺនក្បាល ប៊ិចជាង១ម៉ឺនដើម ដល់វិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សានៅទូទាំងស្រុកគិរីវង់៕