(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានលើកឡើងថា រយៈពេល៥ឆ្នាំមកនេះ គណៈកម្មការមូលបត្រកម្ពុជា បានកំពុងសម្រេចនូវភាពជោគជ័យ យ៉ាងច្រើនលើវិស័យមូលបត្រ។ ដូច្នេះហើយទើបគណៈកម្មការមូលបត្រកម្ពុជា បានរៀបចំរបាយការណ៍ចង់ក្រងជាសៀវភៅ ដែលមានប្រមាណ១០០ទំព័រ ស្ដីពីសមិទ្ធផលការងាររយៈពេល៥ឆ្នាំ របស់គណៈកម្មការមូលបត្រកម្ពុជា។
សៀវភៅរបាយការណ៍នេះ បានរៀបរាប់លម្អិតពីសមិទ្ធផលការងាររយៈពេល៥ឆ្នាំ របស់គណៈកម្មការមូលបត្រកម្ពុជា ព្រមទាំងសមិទ្ធផលធំៗជាច្រើន ដើម្បីធ្វើយ៉ាងណាជំរុញការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា ឲ្យរីកចម្រើនបន្ថែមទៀត។
លោក ស៊ូ សុជាតិ លើកឡើងថា «ការរៀបចំវិស័យមូលបត្រធ្វើឡើង ដោយយុទ្ធសាស្រ្តអភិវឌ្ឍន៍ច្បាស់លាស់ ដោយគណៈកម្មការមូលបត្រឲ្យឈ្មោះថា យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ រហូតមកដល់ពេលនេះ បានធ្វើបច្ចុប្បន្នកម្ម មកជាយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ២០១៦-២០២៥ ដែលជាយុទ្ធសាស្រ្តគ្រោងទុកនៅរយៈពេល១០ឆ្នាំ»។
លោកបញ្ជាក់ថា បច្ចុប្បន្ននេះគណៈកម្មការមូលបត្រកម្ពុជា សម្រេចបានសមិទ្ធផលធំៗច្រើនរួមមាន៖ ១, ការដាក់ដំណើរការទីផ្សារ, ការរៀបចំនូវបទបញ្ញត្តិគ្រប់ជ្រុងជ្រោយ ដើម្បីជាឆ្អឹងខ្នងសម្រាប់វិស័យមូលបត្រ, ការធ្វើពិពិតកម្មទៅលើផលិតផលផ្សេងៗក្នុងទីផ្សារមូលបត្រ, ការធ្វើពិពិតកម្មនៃទីផ្សារ ក៏ដូចជាសមាហរណកម្មស្ថាប័ន គណៈកម្មការមូលបត្រកម្ពុជាទៅក្នុងតំបន់ និងសាកលលោក។
លោកបន្តថា «បច្ចុប្បន្ននេះក្នុងទីផ្សារមូលបត្រ មានក្រុមហ៊ុនបោះផ្សាយចំនួន៥ហើយ ខណៈក្រុមហ៊ុនទី៦-៧ ក៏កំពុងត្រៀមខ្លួនចូលមកជាបណ្ដើរៗ និងអាចបញ្ចប់ការចុះបញ្ជីប្រហែលចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ ក្នុងនោះគណៈកម្មការមូលបត្រ ក៏បានធ្វើពិពិតកម្មទៅលើផលិតផល បច្ចុប្បន្ននេះផ្សារមូលបត្រកម្ពុជា មានតែមួយប្រភេទប៉ុណ្ណោះក្នុងការជួញដូរគឺ ភាគហ៊ុនដែលជាប្រភេទមួយនៃមូលបត្រ»។
លោកបន្ថែមថា ថ្មីនេះៗគណៈកម្មការមូលបត្រកម្ពុជា បានបង្កើតនិតិវិធីថ្មីមួយអនុញ្ញតឲ្យក្រុមហ៊ុន ធ្វើការបោះផ្សាយពីមូលបត្របំណុល ទៅមូលបត្រសាធារណៈផងដែរ។ ការបោះផ្សាយមូលបត្របំណុល នឹងយកមូលបត្រនេះទៅចុះបញ្ជីលើទីផ្សារ។
លោកបញ្ជាក់ថា ប្រហែលជា២-៣សប្ដាហ៍គណៈកម្មការមូលបត្រកម្ពុជា នឹងមានប្រភេទថ្មីនៃមូលបត្រ ដែលធ្វើការជួញដូរលើទីផ្សារនោះគឺប្រភេទ មូលបត្របំណុល ឬសញ្ញាប័ណ្ណ។ នេះជាការធ្វើពិពិតកម្មផ្នែកផលិតផល ក្នុងការពង្រីកចំនួនក្រុមហ៊ុនចុះបញ្ជី, ការធ្វើពិពិតកម្មនៃផលិតផល ដើម្បីទទួលបានការសាទរពីអ្នកវិនិយោគ ព្រមទាំងការធ្វើពិពិតកម្មទីផ្សារ ដើម្បីពង្រីកទីផ្សារមូលបត្រ៕