(ភ្នំពេញ)៖ បច្ចុប្បន្ននេះ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បាន និងកំពុងបោះជំហានចូលទីផ្សារមូលបត្រកម្ពុជា។ ជាក់ស្ដែងថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ បានប្រកាសរៀបចំបោះផ្សាយសញ្ញាបណ្ណសារជីវកម្ម (មូលបត្របំណុល) របស់ខ្លួនចំនួន១២០ពាន់លានរៀល ដែលគិតជាប្រាក់ដុល្លារ ប្រហែល៣០លានដុល្លារអាមេរិក ខណៈក្រុមហ៊ុន ASA, Plc. ដែលកាន់កាប់ភាគហ៊ុន២៥ភាគរយ របស់ធនាគារអេស៊ីលីដា ក៏កំពុងរៀបចំខ្លួនចូលផ្សាយភាគហ៊ុនផងដែរ។
ការបោះជំហានចូលទីផ្សារមូលបត្រនេះ ត្រូវបានលោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការផ្សារមូលបត្រកម្ពុជា បានបង្ហាញពីភាពវិជ្ជមានថា នឹងជួយជំរុញវិស័យមូលបត្រកាន់តែទាក់ទាញ និងសកម្មនាពេលអនាគត។
អគ្គនាយករូបនេះលើកឡើងថា បច្ចុប្បន្ននេះគណៈកម្មការមូលបត្រកម្ពុជា បាននិងកំពុងពង្រីកចំនួននៃផលិតផល ក្នុងទីផ្សារតាមរយៈការជំរុញក្រុមហ៊ុន ឲ្យចូលក្នុងទីផ្សារ។ ជាការពិតណាស់គ្រប់វិនិយោគិនទាំងអស់ តែងតែសំលឹងទៅមើលប្រភេទហ៊ុន របស់ក្រុមហ៊ុនណាដែលមានភាពទាក់ទាញ, មានសន្ទុះនៃការទទួលបានកំរៃច្រើន សន្ទុះនៃការវិត្តន៍ខ្លាំង។
លោកបញ្ជាក់ថា ការឈានជើងចូលរបស់គ្រឹះស្ថាន ហត្ថាកសិករ ដែលទើបចាប់ផ្ដើមលក់បណ្ណបំណុល ឬសញ្ញាបណ្ណ ព្រមទាំងទទួបានការអនុញ្ញាត ជាគោលការណ៍ ពីគណៈកម្មការមូលបត្រកម្ពុជា និងឈានជើងទៅដល់ការចុះបញ្ជី ក្នុងពេលឆាប់ៗនេះ ក៏ដូចជាការប្រកាសរបស់ក្រុមហ៊ុន ASA ជាក្រុមហ៊ុនកាន់កាប់ភាគហ៊ុន២៥% របស់ធនាគារអេស៊ីលីដា ក្នុងការបោះផ្សាយលក់ភាគហ៊ុន របស់ខ្លួនជាសាធារណៈនេះ គឺជាចំណុចដែលធ្វើឲ្យទីផ្សារមូលបត្រកម្ពុជា មានភាពទាក់ទាញដោយសារតែ មិនត្រឹមតែពង្រីកចំនួនប៉ុណ្ណោះទេ តែថែមទាំងបញ្ជូលក្នុងទីផ្សារលើប្រភេទផលិតផល ដែលមានភាពទាក់ទាញសម្រាប់វិនិយោគិន។
លោកបន្ដថា ផលិតផលដែលចេញពីក្រុមហ៊ុនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានភាពទាក់ទាញណាស់ ដោយសារតែវាជាប្រភេទក្រុមហ៊ុន ដែលមានរួចជាស្រេច នូវទំនុកចិត្តពីសារធារណជន និងជាក្រុមហ៊ុនដែលមានសន្ទុះវិវត្តន៍ដ៏ល្អទាំងផ្នែកសក្ដានុពលអាជីវកម្ម, ផ្នែកការកាន់កាប់របាយការណ៍ហិរញ្ញវត្ថុ, ផ្នែកអភិបាលសាជីកម្មក៏បានល្អ ជាផលិតផលមួយ ដែលសាធារណជនតែងតែរង់ចាំ។ ដូច្នេះពេលណាយើងមានចំនួនបន្ថែម បូករួមទាំងផលិតផលល្អ នឹងធ្វើឲ្យទីផ្សារកាន់តែមានភាពសកម្ម ទៅលើការជួញដូរនាពេលអនាគត៕