(ភ្នំពេញ)៖ គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទាំងប្រទេស នឹងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសព័ត៌របស់រដ្ឋសភា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ។
ការអញ្ជើញមកបំពេញទស្សនកិច្ចរបស់គណៈប្រតិភូសភាជាន់ខ្ពស់ចិន ធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា។ គណៈប្រតិភូនេះដឹកនាំដោយ លោក Zhang Chunxian អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស។
នៅក្នុងដំណើរទស្សនកិច្ចនេះដែរ, គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទាំងប្រទេស គ្រោងជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃកម្ពុជា រួមមាន៖
* ជួបសម្តែងការគួរសម និងធ្វើសវនាការជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
* ជួបសម្តែងការគួរសម និងធ្វើសវនាការជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
* ជួបសម្តែងការគួរសម និងធ្វើសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
* ទស្សនាព្រះបរមរាជវាំង សារមន្ទីរជាតិ និងប្រាសាទមួយចំនួន ក្នុងខេត្តសៀមរាប៕