(ភ្នំពេញ)៖ អគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជាក់បន្ថែមជុំវិញករណីដាក់ឲ្យ មានការទូទាត់ប្រាក់យ៉ន់របស់ចិន ក្នុងប្រព័ន្ធធនាគារនៅកម្ពុជា ដោយអះអាងថា ការដាក់ឲ្យប្រើប្រាស់នេះ គឺគ្រាន់តែជាការជំរុញឲ្យការទូទាត់ទៅវិញទៅមក ក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចិនប៉ុណ្ណោះ មិនមែនជាការជំរុញឲ្យយកលុយយ៉ន់ចិន មកចរាចរក្នុងប្រទេសកម្ពុជា ដូចប្រាក់ដុល្លារនោះឡើយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដើម្បីពន្យល់អ្នកសារព័ត៌មាន អំពីការដាក់ឲ្យប្រើប្រាស់ប្រាក់យ៉ន់ក្នុងប្រព័ន្ធធនាគារ សម្រាប់ការទូទាត់ពាណិជ្ជកម្ម នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅស្នាក់ការកណ្តាលធនាគារជាតិនៃកម្ពុជា, លោកស្រីបានបញ្ជាក់ថា ធនាគារជាតិមិនលើកទឹកចិត្ត ឲ្យមានការប្រើប្រាស់ប្រាក់របស់ប្រទេសដទៃ សូម្បីតែប្រាក់ដុល្លារ ក្នុងប្រទេសកម្ពុជាឡើយ គឺធនាគារជាតិ បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល ឲ្យកាន់តែមានសន្ទុះខ្លាំងក្លាឡើង។
លោកស្រី ជា សិរី បានថ្លែងថា «ការដាក់ឲ្យប្រើប្រាស់ប្រាក់យ៉ន់របស់ធនាគារជាតិ គឺជាការជំរុញសម្រាប់ការទូទាត់ពាណិជ្ជកម្ម។ សូមកុំយល់ច្រឡំថា វាជាការដាក់ចរាចរលុយយ៉ន់ ចាយវាយនៅកម្ពុជា ដូចចរាចរលុយដុល្លារ នេះមិនមែនជាទិសដៅរបស់ធនាគារជាតិឡើយ។ ទិសដៅរបស់ធនាគារជាតិ គឺការជំរុញការចាយវាយលុយរៀលរបស់ជាតិ»។
លោកស្រីអគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការប្រើប្រាស់លុយយ៉ន់ចិនក្នុងប្រព័ន្ធធនាគារ សម្រាប់ទូទាត់ពាណិជ្ជកម្មនេះ ក៏បានជួយជំរុញដល់ប្រាក់រៀលផងដែរ។ ចំពោះប្រើប្រាស់ប្រាក់យ៉ន់ ក្នុងការទូទាត់ពាណិជ្ជកម្ម លោកស្រីបានពន្យល់ថា ពីមុនការទូទាត់ពាណិជ្ជកម្មរវាងកម្ពុជា-ចិន ត្រូវប្រើប្រាស់ប្រាក់ដុល្លារ ដែលធ្វើឲ្យពួកគាត់ប្រឈមហានិភ័យ នៃអត្រាការប្រាក់។
លោកស្រីអគ្គនាយក បានលើកជាឧទាហរណ៍ថា ពីមុននៅពេលដែលអ្នកនាំចេញរបស់កម្ពុជា ទិញផលិតផលកសិកម្មរបស់កសិករ គឺប្រើប្រាស់លុយរៀល ដូច្នេះពួកគេត្រូវដូរលុយដុល្លារ ទៅជាលុយរៀល ដើម្បីឲ្យថ្លៃទំនិញទៅកសិករ ដល់ពេលគាត់នាំចេញទៅប្រទេសចិន អ្នកបញ្ជាទិញនៅប្រទេសចិន ប្រមូលប្រាក់មកវិញនូវប្រាក់យ៉ន់ រួចបានដូរទៅជាលុយដុល្លារ ហើយផ្តល់ឲ្យអ្នកនាំចេញរបស់កម្ពុជាជាប្រាក់ដុល្លារ។ ប៉ុន្តែដល់ពេលដាក់ឲ្យមានការប្រើប្រាស់លុយយ៉ន់ ក្នុងប្រព័ន្ធធនាគារ គឺលែងលំបាកប្តូរប្រាក់ដូចមុខហើយ បានសេចក្តីថា នៅពេលពាណិជ្ជកម្មខ្មែរ ទូទាត់ជាប្រាក់យ៉ន់ ឲ្យពាណិជ្ជករចិន នោះពាណិជ្ជករចិន ក៏អាចទូទាត់ជាលុយរៀល ឲ្យពាណិជ្ជករវិញដែរ ដែលនេះជាយុទ្ធសាស្ត្រជំរុញការប្រើប្រាស់ប្រាក់រៀល ហើយពាណិជ្ជករខ្មែរ អាចយកលុយរៀល ទៅទូទាត់ឲ្យកសិករជាប្រាក់រៀល ដូចមិនចាំបាច់ប្តូរប្រាក់។
យ៉ាងក៏ដោយធនាគារជាតិនៃកម្ពុជា ក៏មិនបានហាមឃាត់ការចាយប្រាក់យ៉ន់នោះដែរ ប្រសិនបើអ្នកលក់ និងអ្នកទិញស្រុះស្រួលគ្នា ក្នុងការទទួលយកនោះ។
បើតាមការបញ្ជាក់របស់លោកស្រី ជា សិរី បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា ក៏ចង់ជំរុញឲ្យមានការប្រើប្រាស់រូបិយបណ្ណជាតិ ក្នុងការទូទាត់ពាណិជ្ជកម្មរវាងបណ្តាប្រទេស ក្នុងតំបន់អាស៊ានផងដែរ ដើម្បីផ្តល់ភាពងាយស្រួលក្នុងធ្វើពាណិជ្ជកម្មជាមួយគ្នា។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ ក្នុងកម្មវិធីមួយ លោក ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបង្ហាញពីការគាំទ្រ ការប្រើប្រាស់ប្រាក់យ៉ន់នៅកម្ពុជា តាមរយៈប្រព័ន្ធធនាគារ ដើម្បីសម្រួលដល់ពាណិជ្ជកម្មទ្វេភាគី, ការវិនិយោគ និងទេសចរណ៍ជាដើម ឱ្យកាន់តែមានប្រសិទ្ធភាព។
តាមរយៈនេះវិនិយោគិនពាណិជ្ជករ និងអ្នកទទួលចំណូលជាប្រាក់យ៉ន់, អាចទូទាត់, ខ្ចី និងដាក់ប្រាក់បញ្ញើជាប្រាក់យ៉ន់ ក្នុងប្រព័ន្ធធនាគារដែលអនុញ្ញាតឱ្យ ធនាគារជាតិនៃកម្ពុជា អាចគ្រប់គ្រងចរាចរប្រាក់យ៉ន់តាមប្រព័ន្ធធនាគារបានល្អប្រសើរ និងរួមចំណែកជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍មកពីប្រទេសចិន។
ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា លោក អ៉ិន ចាន់នី បានគាំទ្រចំពោះការដាក់ឲ្យទូទាត់ប្រាក់យ៉ន់របស់ចិន នៅក្នុងប្រព័ន្ធធនាគារដោយសារតែជាសញ្ញាល្អ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា នៅគ្រាដែលវិនិយោគិនចិន និងការធ្វើពាណិជ្ជកម្មរបស់ចិន-កម្ពុជា កំពុងរីកចម្រើនយ៉ាងខ្លាំងក្លា។
ដោយឡែកសម្រាប់ អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យនៅកម្ពុជា លោក ច័ន្ទ សុផល បានបង្ហាញភាពវិជ្ជមាន ក្នុងការដាក់ឲ្យមានការទូទាត់ប្រាក់យ៉ន់ ក្នុងប្រព័ន្ធធនាគាររវាងចិន និងកម្ពុជា។ លោកថា វានឹងផ្ដល់ភាពងាយស្រួលដល់ជនជាតិចិន ដែលមកធ្វើទេសចរណ៍ ធ្វើពាណិជ្ជកម្ម និងវិនិយោគនៅប្រទេសកម្ពុជា ដែលនឹងជួយបាននូវការជំរុញនៅវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ព្រោះថា វិនិយោគិនយ៉ាងច្រើន បាននឹងកំពុងធ្វើការវិនិយោគនៅកម្ពុជា។
បើតាមក្រសួងពាណិជ្ជកម្ម ទំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ក្នុងឆ្នាំ២០១៧ បានកើនឡើងដល់៤.៨ប៊ីលានដុល្លា ក្នុងនោះការនាំចេញពីកម្ពុជាមានចំនួន៨៣០លានដុល្លា និងការនាំចូលមកកម្ពុជាមានចំនួន៣.៩ប៊ីលានដុល្លា។ គិតត្រឹមខែមេសា ឆ្នាំ២០១៨ ការវិនិយោគចិននៅកម្ពុជា មានទឹកប្រាក់សរុបប្រមាណ១៧ប៊ីលានដុល្លារអាមេរិក ជាប្រទេសដែលវិនិយោគនៅកម្ពុជាច្រើនជាងគេបំផុត។
ទោះជាយ៉ាងក្តីក្នុងសន្និសីទសារព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី៣០ ខែតុលានេះ មានភាពរិតត្បឹតបន្តិចចំពោះការថតរូប និងថតវីដេអូ ដែលធ្វើឲ្យអ្នកសារព័ត៌មាន សម្តែងអារម្មណ៍មិនសូវសប្បាយចិត្ត។ អ្នកសារព័ត៌មានសំណូមពរឲ្យធនាគារជាតិនៃកម្ពុជា មានការបើកទូលាយ ដើម្បីអាចនាំយកនូវព័ត៌មានគ្រប់ជ្រុងជ្រោយ ជូនដល់សាធារណជន និងសង្ឃឹមថា ធនាគារជាតិនឹងបង្កើតទំនាក់ទំនង ឲ្យកាត់តែស្និតស្នាលថែមទៀតដល់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ៕