(ភ្នំពេញ)៖ ករណីគ្រោះថ្នាក់អគ្គិភ័យឆេះសិប្បកម្មផលិតកេសស្នោ នៅតាមផ្លូវ៣៧១ ក្បែវត្តពោធិញៀន សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ បានរលត់ទាំងស្រុងទៅវិញហើយ ក្រោយមានកិច្ចអន្ដរាគមន៍ជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានយ៉ាងញាប់ដៃញាប់ជើង។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជុំវិញប្រតិបត្តិការនៃការជួយសង្គ្រោះគ្រោះថ្នាក់សង្គមមួយនេះ សមត្ថកិច្ចចេញឡានទឹកទៅជួយសង្គ្រោះចំនួន២៨គ្រឿង តែបាញ់ទឹកអស់តែ២២គ្រឿងប៉ុណ្ណោះ ដោយក្នុងនោះរួមមាន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាញ់អស់១២គ្រឿង, ក្រសួងមហាផ្ទៃ បាញ់អស់៥គ្រឿង, កងរាជអាវុធរាជធានីភ្នំពេញ បាញ់អស់៤គ្រឿង និងស្រាបៀកម្ពុជា បាញ់អស់១គ្រឿង។
ជុំវិញករណីគ្រោះអគ្គិភ័យនេះ ត្រូវបានលោក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា បណ្ដាលមកពីជាងផ្សាដែកនៅលើដំបូលសិប្បកម្ម ហើយធ្លាក់កម្ទេចភ្លើងចុះមកក្រោម ក៏បង្កជាអណ្ដាតភ្លើងយ៉ាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង ប៉ុន្ដែករណីនេះ មិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះនោះទេ។
យ៉ាងណាមិញ ប្រភពព័ត៌មានពីមូលដ្ឋានដែលភ្នាក់ងារ Fresh News ទទួលបាន សិប្បកម្មដែលគ្មានឈ្មោះមួយកន្លែង កាលពីពេលកន្លងទៅក៏ធ្លាប់មានករណីផ្ទុះឡត៍ចំហុយម្ដងរួចមកហើយ ដោយបណ្ដាលឲ្យកម្មករពីរនាក់រងរបួសផងដែរ៕