(ភ្នំពេញ)៖ លោក ស៊ិន វិសាល កូនប្រុសបង្កើត និងជាទាយាទត្រូវទទួលមរតកពីសពឪពុក គឺលោក ស៊ិន សុង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម័យរដ្ឋកម្ពុជា បានសំរេចបើកធ្វើសន្និសិទ្ធកាសែតជាសាធារណៈ សុំជួបចរចាជាមួយអគ្គនាយកធនាគារកាណាឌីយ៉ា ដើម្បីសម្របសម្រួលសងបំណុលដែលអ្នកស្រី ឡុង សាខន លួចយកប្លង់ផ្ទះដែលលោកកំពុងរស់នៅសព្វថ្ងៃ និងប្លង់ដីកប់សពឪពុក រួមទាំងប្លង់ដីជាច្រើនទៀត ដែលជាទ្រព្យកេរមរតកមិនទាន់បែងចែក មកគ្រប់គ្រងវិញ ខណៈកន្លងមកលោកបានព្យាយាមសុំជួបចរចាជាច្រើនលើកច្រើនសារ តែមិនបានសំរេច។
លោក ស៊ិន វិសាល បានបើកធ្វើសន្និសិទ្ធកាសែតជាសាធារណៈនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ នៅភូមិគ្រឹះលេខ១១ ផ្លូវលេខ៤៦៦ កែងលេខ៦៣ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលជាភូមិគ្រឹះកេររបស់ឪពុកលោក ហើយរូបលោក ភរិយា និងកូនស្រីកំពុងរស់នៅសព្វថ្ងៃ តែភូមិគ្រឹះនេះ កំពុងប្រឈមនូវការរឹបអូសយកទៅទូទាត់បំណុលដែលអ្នកស្រី ឡុង សាខន ដាក់បញ្ចាំទៅតាមអំណាចសាលក្រមរបស់តុលាការ ខណៈដីកប់សពឪពុករបស់លោកនៅស្រុកកៀនស្វាយ ត្រូវបានខាងធនាគារកាត់យកភាគច្រើនយកទៅធ្វើការសង់ផ្ទះល្វែង លក់ និងសង់ផ្សារ បើទោះបីជាដីនោះនៅមិនទាន់បែងចែកមរតក ហើយលោកក្នុងនាមជាទាយាទ មិនបានយល់ព្រមអោយធ្វើការរឹបអូសក៏ដោយនោះ។
មិនតែប៉ុណ្ណោះ អចលនទ្រព្យដែលដាក់បញ្ចាំទាំងអស់ បច្ចុប្បន្នបើលក់សងបំណុល គឺគ្រាន់តែលក់ដីជាង៧ហិកតានៅភូមិភូមិធំ ស្រុកកៀនស្វាយ គឺអាចសងបំណុលរួច ហើយសល់លុយទៀតផង ចុះហេតុអ្វីបានគេព្យាយាមរឹបអូសយកទ្រព្យសម្បត្តិដាក់បញ្ចាំទាំងអស់ទៅសងបំណុលទៅវិញ។ លោក ស៊ិន វិសាល បានថ្លែងបន្តថាពាក់ព័ន្ធផ្ទះកំពុងរស់នៅសព្វថ្ងៃ ដីកប់សពឪពុកនៅស្រុកកៀនស្វាយ ដីនៅសង្កាត់ ច្រាំងចំរេះ និងដីនៅភ្នំ៩៦ ក្រុងព្រះសីហនុ ដែលត្រូវបានអ្នកស្រីឡុង សាខន និងកូនស្រីដើមលួចយកប្លង់ទៅដាក់បញ្ចាំនៅធនាគារចំនួន៦លានដុល្លារតាំងពីឆ្នាំ២០១២មកនោះ ត្រូវបានតុលាការរាជធានីភ្នំពេញ សំរេចតាមសាលក្រមរដ្ឋប្បវេណីលេខ ៣១ «ត» ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយសំរេចបញ្ចប់ឲ្យចុងចំលើយឈ្មោះ ឡុង សាខន (ឡុង សុខន) និងឈ្មោះ ស៊ិន សុថាវី សងប្រាក់ទៅដើមចោទ អគ្គនាយកធនាគារកាណាឌីយ៉ា ចំនួន៦លានដុល្លារ បូកនិងការប្រាក់ និងការប្រាក់ពិន័យចំនួន២៦.៤ភាគរយក្នុងមួយឆ្នាំ លើប្រាក់ដើម៦លានដុល្លារ គិតចាប់តាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣ រហូតដល់ថ្ងៃសងរួចគ្រប់ចំនួន។
ប៉ុន្តែតាំងពីសាលក្រមចូលស្ថាពរ តុលាការបានព្យាយាមរឹបអូសយកអចលនទ្រព្យខាងលើ ដើម្បីយកទៅសងបំណុលធនាគារ តែមិនបានសំរេច ព្រោះតែអចលនទ្រព្យកំពុងស្ថិតនៅក្នុងបណ្ដឹងទាមទារបែងចែកកេរមរតក ដែលប្ដឹងដោយទាយាទគឺរូបលោក។ ប៉ុន្តែកន្លងមកក្នុងនាមលោកជាកូនប្រុសបងនៃសព លោក ស៉ិន សុង មិនចង់ឲ្យកេរឪពុកខ្លួនគឺផ្ទះ និងដីកប់សពបាត់បង់ លោកបានព្យាយាមធ្វើការចរចាម្ដងជាពីរដង ជាមួយតំណាងធនាគារ តែមិនទទួលបានជោគជ័យឡើយ ខណៈលោកព្យាយាមទាក់ទង និងសុំជួបជាមួយអគ្គនាយកធនាគារដោយផ្ទាល់ដើម្បីចរចាសម្របសម្រួលដោះស្រាយបំណុល តែមិនដែលបានជួបម្ដងណាឡើយ មិនដឹងលោកមិនឲ្យជួប ឬក៏ថ្នាក់ក្រោមបិទបាំង ព័ត៌មានមិនឲ្យអគ្គនាយកធនាគារដឹងនោះទេ។
ដូច្នេះទើបលោកសំរេចបើកធ្វើសន្និសិទ្ធកាសែតជាសាធារណៈនៅថ្ងៃនេះ ប្រកាសសុំជួបដោះស្រាយដើម្បីឈានទៅបញ្ចប់សំណុំរឿងបំណុលខាងលើដោយលោកសុខចិត្តខ្ចីលុយគេ ៦លានដុល្លារ យកទៅសងធនាគារ។ ក្នុងនោះក្រៅពីសុំជួបចរចាជាមួយអគ្គនាយកធនាគារដោយផ្ទាល់ លោក ស៉ិន វិសាល ក៏សុំអំពាវនាវដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកតិ្តព្រឹទ្ធបណ្ឌិត ដែលជាចាស់ទុំស្គាល់ក្រុមគ្រួសាររបស់លោកច្បាស់ សូមឲ្យជួយសម្របសម្រួលបញ្ចប់ទំនាស់កេរមរតក និងបំណុលធនាគារដែលអ្នកស្រី ឡុង សាខន លួចយកទៅដាក់បញ្ចាំនេះផងដែរ។
ចំណែកអ្នកស្រី ឡុង សាខន ដែលជាអ្នកយកបណ្ណកម្មសិទ្ធិផ្ទះ និងដីទៅដាក់បញ្ចាំយកលុយដូចជា មិនអើពើជួយដោះស្រាយនោះឡើយ ហាក់ដូចជាមានបំណងឲ្យខាងធនាគារធ្វើការ រឹបអូសយកផ្ទះ និងដីជាថ្នូរសំណងទៅវិញ។
ពាក់ព័ន្ធព័ត៌មានអះអាងខាងលើ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ អង្គភាពព័ត៌មាន Fresh News មិនអាចធ្វើការទាក់ទង ដើម្បីសុំការបំភ្លឺពីលោកស្រី ឡុង សាខន និងកូនស្រីឈ្មោះ ស៊ិន សុថាវី បាននោះទេ ព្រោះមិនអាចរកលេខទូរស័ព្ឌ សំរាប់ធ្វើការទាក់ទងបាន។ ចំណែកអគ្គនាយកធនាគារកាណាឌីយ៉ាក៏ដូចគ្នា៕