(ត្បូងឃ្មុំ)៖ ទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយ ឆ្នាំ២០១៨នេះ ត្រូវបានសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ សហការជាមួយគម្រោង កសាងភាពធន់ក្នុងសហគមន៍ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «កាត់បន្ថយការខាតបង់សេដ្ឋកិច្ច ដែលបណ្តាលមកពីគ្រោះមហន្តរាយ» ប្រជាពលរដ្ឋជិត១ម៉ឺនគ្រួសារ បានទួលបានអំណោយ និងការយកចិត្តទុកដាក់ពីកាកបាទក្រហមកម្ពុជា។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ នៅឃុំជីរោទ៍ទី១ ក្នុងស្រុកត្បូងឃ្មុំ ស្ថិតក្រោមអធិបតីភាព លោកស្រី ឡេង សុខា អភិបាលរងខេត្តត្បូងឃ្មុំ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។

សូមបញ្ជាក់ថា ទិវាធ្វើឡើងនាឱកាសនេះ ដើម្បីរំលឹក ក៏ដូចជាពញាក់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់បង្ការ និងត្រៀមជាមុន រាល់គ្រោះមហន្តរាយនានា ដែលអាចកើតឡើងចំពោះពួកគាត់នោះ។

ក្នុងឱកាសនោះដែរលោក ហ៊ី សុវណ្ណ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានឡើងរំលេចនូវសកម្មភាពនានា ដែលសម្រេចបានក្នុងវិស័យ មនុស្សធម៌យ៉ាងច្រើន ពិសេសគ្រោះ ទឹកជំនន់ដែលទើបកន្លងទៅថ្មីៗ ក្នុងនោះប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ និងគ្រោះធម្មជាតិនានា បានទទួលអំណោយ និងការយកចិត្តទុកដាក់ភ្លាមៗ ពីកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមខេត្ត។

លោកស្រី ឡេង សុខា បានបន្តថា លទ្ធផលដែលទទួលបានបែបនេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរសុខទុក្ខរបស់ពលរដ្ឋគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយនោះឡើយ ពិសេសពលរដ្ឋក្នុងខេត្តត្បូងឃ្មុំតែម្តង។

លោកស្រីអនុប្រធានសាខាកាកបាទក្រហមខេត្ត ក៏បានថ្លែងអរគុណផងដែរ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលជួយជ្រោមជ្រែង ជំរុញឱ្យវិស័យមនុស្សធម៌ ក្នុងខេត្តត្បូងឃ្មុំ សម្រេចបានដូចពេលនេះ និងសូមឱ្យបន្តទឹកចិត្តដែលល្អបែបនេះ ដើម្បីជាប្រយោជន៍ ដល់ពលរដ្ឋត្រូវការជំនួយសង្គ្រោះតាមរយៈកាកបាទក្រហម។

លោកស្រីអភិបាលរងខេត្ត ក៏បានអំពាវនាវឱ្យពលរដ្ឋឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ ថែរក្សាសុខភាពឱ្យបានល្អ ផឹកទឹកឆ្អិន ត្រូវប្រកាន់ភ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ឱ្យមានអនាម័យក្នុងការរស់នៅ ពិសេសខិតខំប្រឹងប្រែង ប្រកបមុខរបរបង្ករបង្កើនផល ដាំដំណាំរួមផ្សំ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង។

ក្នុងពិធីនោះ ក៏មានការឆ្លើយជាសំនួរចម្លើយ ដើម្បីទទួលបានធុងចម្រោះទឹកស្អាត មុង និងមួកសុវត្ថិភាព ជាមួយគ្នានោះដែរ សាខាកាកបាទក្រហម ខេត្តត្បូងឃ្មុំ ក៏បានទទួលនូវទូក និងម៉ាស៊ីនចំនួន២គ្រឿង ស៊ីទែនទឹក បង្គន់អនាម័យ និងរោង ពីគម្រោងកសាងភាពធន់ក្នុងសហគមន៍ ដើម្បីបម្រើឱ្យវិស័យមនុស្សធម៌ ក្នុងខេត្តជាបន្តទៀត៕