(កំពង់ស្ពឺ)៖ មុខរបរគៃបំបាត់របស់ស្ថានីយ៍លក់ប្រេង នៅតែពេញនិយម បើទោះបីសមត្ថកិច្ច និងមន្ត្រីកាំកុងត្រូល មានការណែនាំអប់រំយ៉ាងណាក្តី។ ជាក់ស្តែងមន្ត្រីកាំកុងត្រូលខេត្តកំពង់ស្ពឺ នៅថៃ្ងទី៣០ ខែតុលា ឆ្នាំ២០១៨ បានបន្តរកឃើញស្ថានីយ និងដេប៉ូប្រេងនៅស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំនួន០៤ទីតាំង បានលក់ប្រេងមិនគ្រប់បរិមាណ និងបន្លំគុណភាព។
ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត ដឹកនាំដោយលោក ញូង វ៉ែន ជាអនុប្រធាននាយកដ្ឋាន សហការជាមួយសាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងមន្រ្តីជំនាញរបស់មន្ទីពិសោធន៍ បានចុះត្រួតពិនិត្យបរិមាណ, គុណភាព និងតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ និងដេប៉ូមួយចំនួន០៩ ស្ថិតនៅស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ប្រតិបត្តិការចុះពិនិត្យនេះ បានធ្វើឡើងក្នុងគោលបំណង ការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់ ការពារគ្រឿងម៉ាស៊ីននៃយានជំនិះគ្រប់ប្រភេទ និងការពារបរិស្ថាន ដែលកើតចេញពីចំហេះប្រេងឥន្ធនៈមិនសមស្រប និងពិសេសដើម្បីទប់ស្កាត់ការកែ្លងបន្លំ។
លោក ញូង វ៉ែន បានឲ្យដឹងថា ការត្រួតពិនិត្យគុណភាព និងបរិមាណនេះ ផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែងដូចជា ធុងក្រឹតមានមាឌជាក់លាក់ សម្រាប់វាស់បរិមាណប្រេង ដែលបាញ់ចេញពីកុងទ័រតាម ទំហំផ្សេងខុសគ្នាមានចំណុះ ០៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត។ ចំពោះថ្លៃលក់រាយ តាមស្ថានីយ៍និងដេប៉ូ គឺផ្អែកតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
លោកបានបន្តថា ជាលទ្ធផលនៃការត្រួតពិនិត្យប្រេងឥន្ធនៈរបស់ស្ថានីយ៩កន្លែង នៅទីតាំងខាងលើនេះ មាន៥ទីតាំងលក់ប្រេងអនុលោមភាពទាំងផ្នែកបរិមាណ និងគុណភាព។ ប៉ុន្តែមាន១ទីតាំងលក់ប្រេង មិនមានអនុលោមភាពផ្នែកបរិមាណ, ៣ទីតាំងលក់ប្រេងមិនមានអនុលោមភាពផ្នែកគុណភាព និងបរិមាណ។
លោក ញូង វ៉ែន បានបញ្ជាក់ថែមទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់ទូទាំងកម្ពុជា ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់។ ចំពោះក្រុមហ៊ុន/ដេប៉ូ ដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈមិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះនឹងត្រូវទទួលរងនូវចំណាត់ការ តាមនីតិវិធីនៃច្បាប់ជាធរមាន។
បន្ថែមលើនោះ លោកបានផ្តាំដល់ប្រជាពលរដ្ឋ ត្រូវពិនិត្យមើលលេខកុងទ័រនៅពីចំណុចសូន្យជានិច្ចមុនពេលចាក់ តាមដានដំណើរការនៃលេខកុងទ័រ ដែលត្រូវចាប់ផ្កើមជាមួយគ្នានឹងម៉ាស៊ីនបាញ់ប្រេង រហូតដល់ចំនួនលីត្រចុងក្រោយ ដែលបានស្នើតាមដានសេចក្តីជូនដំណឹង ពីតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្នសុវត្ថិភាពផ្នែកអគ្គិភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះ ពេលចាក់បំពេញប្រេងក្នុងស្ថានីយ។ លោកថា សូមផ្តល់ព័ត៌មានមកមន្រ្តីជំនាញកាំកុងត្រូល ប្រចាំរាជធានី ខេត្ត ឬមកអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីដែលបាតុភាពជាយថា ហេតុណាមួយ៕