(កំពត)៖ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាខាខេត្តកំពត បានរៀបចំសន្និសីទក្រោមប្រធានបទ «សិក្សានៅកម្រិតឧត្តមសិក្សា ដើម្បីអនាគតរុងរឿង និងជោគជ័យ» ដោយមានការចូលរួមពីសាស្រ្តាចារ្យ និងសិស្ស ដែលទើបបានប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួនជាង២០០នាក់។
សន្និសីទនេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញជូនអ្នកចូលរួម អំពីគោលបំណង នៃការបន្តការសិក្សាយ៉ាងណាឲ្យទទួលបានលទ្ធផលល្អ និងជោគជ័យ និងស្រាវជ្រាវ ព្រមទាំងគំនិត និងលក្ខណៈសម្បត្តិមួយចំនួន ដែលនាំសិស្ស និស្សិត អាចចូលរួមយ៉ាងសកម្មក្នុងទីផ្សារការងារ ក្រោយពីបញ្ចប់ការសិក្សា និងនាំទៅសម្រេចជោគជ័យក្នុងអាជីព និងជីវិតនាពេលអនាគត។
ក្នុងសន្និសីទនេះ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ក៏មានការចូលរួមពីវាគ្មិនកិត្តិយសជាច្រើន រួមមានថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យ ដែលមានបទពិសោធន៍ និងចំណេះដឹងច្រើន បានធ្វើបទបង្ហាញ និងចែករំលែកដល់អង្គពិធីផងដែរ។
បន្ទាប់ពីលោក ហម សាវ៉េត នាយកសាខា បានបង្ហាញអំពីរចនាសម្ព័ន្ធ និងសកម្មភាពចំបងៗរបស់សាខាខេត្តកំពតរួចមក លោកបណ្ឌិត សឿ យ៉ាន បានផ្តោតខ្លាំងទៅលើការបន្តសិក្សា នៅកម្រិតកាន់តែខ្ពស់ ដែលនាំឲ្យសិស្សនិស្សិត កាន់តែមានសមត្ថភាពពិចារណាកាន់តែខ្ពស់ ជួយដល់ការសម្រេចដ៏ត្រឹមត្រូវ លើរបត់នៃជីវិតទទួលបាននូវចំណេះដឹងខ្ពស់ ដើម្បីមានសមត្ថភាពជំនាញសិស្ស និស្សិត ត្រូវចេះបណ្តុះគំនិតដែលជាគោលដៅជាមុនសិន ហើយត្រូវចេះសួរខ្លួនឯងថា តើយើងចង់បានអ្វី ចង់ធ្វើអ្វី ចង់ជ្រើសរើសមុខវិជ្ជាជីវៈអី្វយកមក សិក្សាមានបំណងបែបណាចំពោះការសិក្សា?។
បន្ថែមពីលើខ្លឹមសារនេះ លោកបណ្ឌិត កែវ ជា បានអះអាងថា សិស្ស និស្សិត ត្រូវខិតខំរៀនសូត្រដែលជាការងារអាទិភាព ក្នុងអំឡុងជីវិតជាអ្នកសិក្សា និងស្រាវជ្រាវ ផ្តោតលើជំនាញជាក់លាក់ ព្រមទាំងត្រូវខិតខំសិក្សាជំនាញបន្ថែមដូចជា ភាសាបរទេស កុំព្យូទ័រជាដើម។
លោកបណ្ឌិត ក៏បានបង្ហាញពីគន្លឹះដែលនាំឲ្យបុគ្គលជោគជ័យ ដូចជា មានគោលដៅក្នុងជីវិត ព្យាយាមអានច្រើន គ្រប់គ្រងពេលវេលាបានល្អ រៀនក្រៅសាលាបន្ថែម ទទួលយកចំណេះដឹងស្ទាត់ជំនាញ ក្នុងការងារមានគំនិត ច្នៃប្រឌិត និងធ្វើសកម្មភាព មានវិន័យ និងចរិត្តល្អ កត្តាគុណធម៌ ភាព ខិតខំធ្វើការងារ និងអកប្បកិរិយា ថ្លៃថ្នូរ និងការទទួលខុសត្រូវជាដើម។
ចំណែកលោក ម៉ាង សុខា នាយកធនាគារវឌ្ឍនៈអាស៊ីចំកាត់សាខាខេត្តកំពត ដែលជាដៃគូរបស់សាកលវិទ្យាល័យ បានអះអាងគាំទ្រថា ជំនាញជាក់លាក់ ភាពខិតខំ និងការទទួលខុសត្រូវ គឺជាលក្ខណៈសម្បត្តិដែលគ្រឹះសា្ថនលោក ក៏ដូចជាស្ថាប័នដទៃទៀតចង់បាន នេះដោយសារវាជាធនធានដ៏សំខាន់របស់ស្ថាប័ន។
ជាកិច្ចបិទបញ្ចប់ លោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ និងក្នុងនាមប្រធានដឹកនាំ នៃអង្គសន្និសីទ បានធ្វើការសង្ខេប ខ្លឹមសារ និងបានជំរុញឲ្យសិស្ស និស្សិត ខិតខំរៀនសូត្រ រៀបខ្លួនឲ្យបានល្អក្លាយជាធនធានមនុស្ស មានគុណធម៌ ចំណេះដឹងជំនាញ សមត្ថភាព និងបទពិសោធន៍ ដើម្បីខ្លួនគ្រួសារសង្គម និងប្រទេសជាតិ។
សូមរំលឹកថា សាកលវិទ្យាល័យ CUS បានចាប់ដំណើរបណ្តុះបណ្តាលអស់រយៈពេល១៧ឆ្នាំហើយ លើគ្រប់កម្រិតសិក្សា ក្នុងមហាវិទ្យាល័យចំនួន៥ បច្ចុប្បន្នសាកលវិទ្យាល័យ មាន៨ទីតាំង គឺ២ទីតាំងនៅរាជធានីភ្នំពេញ និង៦ទីតាំងទៀត នៅតាមបណ្តាខេត្ត រួមមាន ខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត ខណៈនិស្សិតដែលបានបញ្ចប់ការសិក្សាចំនួនជាង៣០,០០០នាក់ និងនិស្សិតកំពុងសិក្សាចំនួនជិត២០,០០០នាក់ ដែលចំនួននេះ មានការកើនឡើងជារៀងរាល់ឆ្នាំ។
សាកលវិទ្យាល័យបានចុះអនុស្សរណៈសហប្រតិបត្តិការសិក្សា និងស្រាវជ្រាវ ជាមួយសាកលវិទ្យាល័យបរទេសជាច្រើន និងស្ថាប័នរដ្ឋ ព្រមទាំងឯកជនជាង៥០០ ដើម្បីរកទីកន្លែងសម្រាប់និស្សិតហាត់ការ និងធ្វើការងារ ព្រមទាំងបានខិតខំជំរុញលើកកម្ពស់គុណភាព តាមរយៈវិធានការជាច្រើន ដូចជាបន្ថែមសំភាររូបវន្ត។
ថ្មីៗនេះ សាកលវិទ្យាល័យ បានសម្រេចចិត្តបើកប្រាក់បៀរវត្ស១ខែពីរដង សម្រាប់បុគ្គលិក និងសាស្រ្តាចារ្យ ព្រមទាំងបានបន្ថែមម៉ាស៊ីន អិលស៊ីឌី (LCD Projector) ចំនួន៧០គ្រឿងបន្ថែមទៀត ដើម្បីបម្រើឲ្យការសិក្សា និងស្រាវជ្រាវ។ សាកលវិទ្យាល័យ តែងតែយកចិត្តទុកដាក់ជំរុញការសិក្សា ស្រាវជ្រាវតាមរយៈសន្និសីទ សិក្ខាសាលា៕