(ពោធិ៍សាត់)៖ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្វាយអាត់ បានចុះបង្រ្កាបមុខសញ្ញាអ្នកលេងកាំបិតធំ ដោយឃាត់ខ្លួនជនសង្ស័យ បានម្នាក់ រួមទាំងវត្ថុតាង តែងតែបង្កអសន្តិសុខនៅក្នុងមូលដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។
ប្រតិបត្តិការខាងលើធ្វើឡើង បានធ្វើឡើងនៅវេលាម៉ោង៩៖៣០នាទីយប់ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ម្សិលមិញ ត្រង់ចំណុចផ្ទះឈ្មោះ សុខ ដាលីន ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះថា មុខសញ្ញាក្មេងទំនើងលេងកាំបិតធំ ត្រូវឃាត់ខ្លួនឈ្មោះ ឌឿន អានុន អាយុ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងដកហូតបានវត្ថុតាង (កាំបិតកែច្នៃ) ចំនួន៤ដើម។
លោកអធិការបន្តទៀតថា ប្រតិបត្តិការខាងលើធ្វើឡើងធ្វើឡើង ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ជូនមានក្មេងទំនើងពីក្រុម កំពុងឌឺដងដាក់គ្នា ខណៈនោះកម្លាំងបានចុះទៅដល់ ប៉ុន្តែក្រុមទាំងនោះ បានរត់គេចខ្លួនបាត់អស់នៅសល់ជនសង្ស័យ ក៏បានឃាត់ខ្លួនរួមទាំងវត្ថុតាងបែបនេះ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង (កាំបិត) បាននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបំពេញសំណុំរឿងបញ្ជូនបន្ត ចាត់ការតាមនីតិវិធី៕