(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់ប្រជាពលរដ្ឋថា សូមឱ្យប្តឹងតវាមកអាជ្ញាធរខេត្តភ្លាមៗ ប្រសិនបើមានករណីទារឱ្យបង់លុយ លើសតម្លៃសេវាកំណត់ នៃអង្គភាពច្រកចេញចូលតែមួយ របស់សាលាខត្តកំពង់ចាម ព្រោះតម្លៃកំណត់សម្រាប់សេវាសាធារណៈ អង្គភាពច្រកចេញចូលតែមួយ របស់សាលាខេត្តបានប្រកាសរួចហើយ។
លោកអភិបាលខេត្ត បានថ្លែងដូច្នេះនាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅក្នុងឱកាដដែលលោក ដឹកនាំក្រុមប្រឹក្សាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន ចូលរួមវេទិការសាធារណៈ ជាមួយប្រជាពលរដ្ឋ ជាង៣០០នាក់ ស្ថិតនៅភូមិស្តុកធំ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
ស្ថិតនៅក្នុងវេទិការនោះដែរ មានការលើកឡើងពីប្រជាពលរដ្ឋ ទាក់ទងទៅនឹងបញ្ហាបង់សេវាផ្ទេរមរតក បញ្ហាអគ្គិសនី បញ្ហាអត្តសញ្ញាណប័ណ្ណ និងសូមអភិវឌ្ឍនប្រព័ន្ធប្រឡាយទឹក ឆ្លើយតបទៅនឹងបញ្ហា របស់ប្រជាពលរដ្ឋ លោកអភិបាលខេត្ត បានតម្រូវឱ្យមន្ត្រីជំនាញឆ្លើយតបទៅប្រជាពលរដ្ឋភ្លាមៗ និងរកដំណោះស្រាយតែម្តង ក្នុងនោះ បញ្ហាសារធាណៈ ត្រូវបានដោះស្រាយភ្លាមៗ និងបញ្ហាខ្លះទៀតត្រូវទុកសិក្សា និងធ្វើការដោះស្រាយនៅពេលក្រោយ។
លោកអភិបាលខេត្ត ក៏បានប្រាប់ទៅប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន ក្នុងការចំណាយលុយទៅលើសេវាឯកសារផ្សេងៗ ដោយហេតុថា តម្លៃកំណត់សម្រាប់សេវាសាធារណៈ អង្គភាពច្រកចេញចូលតែមួយ របស់សាលាខេត្តបានប្រកាសរួចហើយ ដូច្នេះបងប្អូនត្រូវចាយវាយទៅតាមតម្លៃដែលបានកំណត់នោះ ហើយប្រសិនបើមានការតម្រូវឱ្យបង់លុយលើសពីតម្លៃសេវាដែលបានប្រកាស សូបបងប្អូនប្រជាពលរដ្ឋប្តឹងតវាភ្លាម អាជ្ញាធរខេត្តនឹងចាត់វិធានការជូន។
លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ដើម្បីបានដឹងអំពីតម្លៃសេវាសាធារណៈ សូមបងប្អូនចូលទៅក្នុងហ្វេសបុកផេក អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម នោះនឹងបានឃើញហើយ៕