(ពោធិ៍សាត់​)៖​ រថយន្តទេសចរណ៍ដឹកអ្នកដំណើរ​ របស់ក្រុមហ៊ុនកាពីតូល បានបើកបុកម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ក្មេងស្រីម្នាក់​ អ្នកបើកបររត់គេចខ្លួនបាត់​ មិនទទួលខុសត្រូវ។

ហេតុការណ៍​នេះ​ បានកើតឡើងនៅវេលាម៉ោង​១០​៖៥០នាទីព្រឹក​ ថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០១៨​ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៧១,១៧២ ស្ថិតនៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក​ ឯម​ រុន​ អធិការនគរបាលស្រុកក្រគរ​ បានឲ្យដឹងភ្លាមៗនេះថា​ គ្រោះថ្នាក់ចរាចរណ៍ខាងលើ​ បង្ករដោយរថយន្តម៉ាក HYUNDAI ពាក់ផ្លាកលេខ ភ្នំពេញ 3B-6062 ពណ៌ក្រហមលាយស ធ្វើចរាចរណ៍ពីកើតពីលិច។ លុះមកដល់ចំណុចកើតហេតុ​ បានបុកម៉ូតូម៉ាកគុប ៩០ ផ្លាកលេខ ត5057​ភ.ព1 ពណ៌ខៀវលាយស ធ្វើចរាចរណ៍ពីកើតទៅលិច​ ស្របទិសគ្នា​ បើកបរដោយឈ្មោះ អូន អូម៉ា អាយុ១៦ឆ្នាំ ភេទស្រី រស់នៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ។

បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍ហើយនោះ អ្នកបើកបររថយន្តរបស់ក្រុមហ៊ុន​កាពីតូល បានរត់គេចខ្លួនបាត់ មិនទទួលខុសត្រូវឡើយ។ បច្ចុប្បន្ន​វត្ថុតាងរថយន្ត​ និងម៉ូតូ​ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ជាបណ្តោះអាសន្ន រង់ចាំដោះស្រាយតាមនីតិវិធី៕

http://www.freshnewsasia.com/index.php/en/localnews/103344-2018-10-30-08-30-52.html