(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ គ្រោងនឹងបើកកិច្ចប្រជុំនគរបាលទ្វេភាគីតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ខណៈដែលកិច្ចប្រជុំនេះ ត្រូវបានអាក់ខាននាពេលកន្លងមក ហើយភាគីទាំងពីរ នឹងពិនិត្យលទ្ធភាពក្នុងការរៀបចំកិច្ចប្រជុំនេះ នៅដើមឆ្នាំ២០១៩ខាងមុខ។
ការថ្លែងរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក បញ្ញយ៉ារ៉ាក់ ពុលថាប់ (PANYARAK POOLTHUP) ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ នាអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងជំនួបនោះនាយឧត្តមសេនីយ៍ នេត សាវឿន បានគូសបញ្ជាក់ថា វត្តមានរបស់លោក បញ្ញយ៉ារ៉ាក់ ពុលថាប់ (PANYARAK POOLTHUP) នាពេលនេះ គឺជាការលើកទឹកចិត្តដល់នគរបាលជាតិកម្ពុជា ដែលពេលកន្លងមកនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ តែងតែបានសហការគ្នាយ៉ាងល្អ ក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ ដូចជា៖ បទល្មើសភេរវកម្ម, បទល្មើសគ្រឿងញៀន និងបទល្មើសឆ្លង ដែលនានាជាច្រើន ហើយជាពិសេសអាជ្ញាធរថៃ ក៏បានជួយគាំពារពាក់ព័ន្ធទៅនឹងពលករបរទេសដែលធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃផងដែរ។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានបង្ហាញនូវគោលជំហរថា នឹងខិតខំប្រឹងប្រែងក្នុងការការពារសុវត្ថិភាព សុខសន្តិភាព ជូនដល់ភ្ញៀវទេសចរ និងវិនិយោគិនថៃ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ផងដែរ ហើយនៅពេលខាងមុខ កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំធំៗនានាដូចជា៖ កិច្ចក្រជុំអាយប៉ា (AIPA) នៅខេត្តសៀមរាប និងកិច្ចប្រជុំ អាស៊ានណាប៉ូល (Asenapol) នៅឆ្នាំ២០២០ ដែលទាំងនេះ ក៏ត្រូវការការសហការយ៉ាងល្អរវាងប្រតិភូថៃ។
ក្នុងជំនួបនោះដែរ លោក បញ្ញយ៉ារ៉ាក់ ពុលថាប់ (PANYARAK POOLTHUP) ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរក្នុងការបង្ការ និងបង្រ្កាបគ្រឿងញៀននាពេលកន្លងមក ហើយក៏បានបញ្ជូនតំណាងទៅធ្វើការនៅប្រទេសថៃ ដើម្បីទប់ស្កាត់នូវបញ្ហានេះផងដែរ។ ជាពិសេសនគរបាលជាតិកម្ពុជា នៅពេលកន្លងមកបានការពារភ្ញៀវទេសចរ ក៏ដូចជាវិនិយោគិនថៃ ដែលកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការការពារយ៉ាងដិតដល់និវេសនដ្ឋាន និងស្ថានទូតថៃប្រចាំនៅកម្ពុជា។
ឯកអគ្គរាជទូតថៃរូបនេះ ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការយ៉ាងល្អ ពាក់ព័ន្ធការការពារព្រំដែនរវាងប្រទេសទាំងពីរ នាពេលកន្លងមក ហើយលោក ក៏បានរំពឹងទុកថា នឹងបានជួបប្រជុំពាក់ព័ន្ធការងារព្រំដែននេះរវាងថៃ និងកម្ពុជា នៅពេលឆាប់ៗនេះផងដែរ៕