(ភ្នំពេញ)៖ លោក នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយ លោក Alain Dugueyt ប្រធានអង្គការកុមារអាស៊ីប្រចាំនៅប្រទេសបារាំង និងលោកស្រី Beatrice Kuhn ក្រុមប្រឹក្សាភិបាល នៃអង្គការកុមារអាស៊ីប្រចាំនៅប្រទេសបារាំង ព្រមទាំងសហការីមួយចំនួនទៀត នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសង្គមកិច្ច។
នៅក្នុងកិច្ចសំណេះសំណាលនោះ លោក នឹម ថូត បានលើកឡើងថា ក្រសួងសង្គមកិច្ច នៅតែមានត្រូវការមណ្ឌលបន្ថែមទៀត ដើម្បីបំពេញនូវតម្រូវការចាំបាច់ ក្នុងការជួយដល់កុមារកំព្រា នៅកម្ពុជា ឲ្យមានទីជម្រករស់នៅដោយសមរម្យ និងមានការយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធ។ ការបន្ថែមមណ្ឌលនៅតែជាតម្រូវ តែសម្រាប់ជួយតែកុមារណា ដែលគ្មានជម្រើសក្នុងការរស់នៅជាមួយគ្រួសារ ឬអាចនិយាយបានថា ជាកុមារកំព្រា និងគ្មានទីកន្លែងរស់នៅពិតប្រាកដ។
បន្ថែមពីលើនេះ លោក នឹម ថូត បានលើកឡើងថា មុននឹងក្រសួងបន្ថែមមណ្ឌលទៀតនោះ ក្រសួងសង្គមកិច្ច នឹងចុះត្រួតពិនិត្យ ហើយកាត់បន្ថយមណ្ឌលឲ្យនៅតិចបំផុត តាមដែលអាចធ្វើបាន ដោយសារតែមណ្ឌលមួយចំនួនចិញ្ចឹមកុមារច្រើន តែកុមារទាំងនោះ មានឪពុក ម្តាយ និងបងប្អូន សាច់ញាតិដែលអាចរស់នៅជាមួយបាន។ ក្រោយមានការចុះត្រួតពិនិត្យ ក្រសួងសង្គមកិច្ច រកឃើញថា កុមាររហូតទៅដល់៨៥ភាគរយ គឺសុទ្ធតែមានក្រុមគ្រួសារ ឪពុកម្តាយ បងប្អូន និងមីងមា និងសាច់ញាតិ អាចរស់នៅជាមួយបាន។
ជាមួយគ្នានោះ លោក Alain Dugueyt និងលោកស្រី Beatrice Kuhn ក៏បានសម្តែងការពេញចិត្តព្រមៗគ្នាថា នឹងបន្តកិច្ចសហការល្អជាមួយ ក្រសួងសង្គមកិច្ចបន្តទៀត ដើម្បីអាចជួយដល់កុមារគ្មានទីពឹងនៅក្នុងប្រទេសកម្ពុជា។
លោក នឹម ថូត បានជម្រាបជូនប្រធានអង្គការកុមារអាស៊ីប្រចាំនៅប្រទេសបារាំងថា កន្លងមក ក្រសួងសង្គមកិច្ច និងមន្ទីរក្រសួងនៅតាមបណ្តាខេត្ត តែងតែតាមដានពីស្ថានភាពរបស់កុមារ ថាតើកុមារទទួលបានការរៀនសូត្រ ត្រួតពិនិត្យស្ថានភាពសុខភាព និងការរសៀនៅជាមួយក្រុមគ្រួសារ ជាក់ស្តែង។ ក្នុងករណីដែលមានបញ្ហាណាមួយ គឺមានអង្គការ និងមន្ទីរសង្គមកិច្ចជួយដោះស្រាយ។
តំណាងរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចលោក នឹម ថូត បានស្នើឲ្យអង្គការមួយនេះ បន្តជួយដល់កម្ពុជាដូចពេលកន្លងមក តែគ្រាន់តែស្នើឲ្យការជួយ ទៅមណ្ឌល មកជាការជួយក្មេងនៅតាមក្រុមគ្រួសារ ឬសហគមន៍វិញ។សម្រាប់មណ្ឌលដែលមិនត្រូវដាក់កុមារ ក្រសួងសង្គមកិច្ច នឹងបង្វែរមណ្ឌលនោះទៅជាកន្លែងផ្តល់សេវាផ្សេងៗ ក្នុងការជួយដល់កុមារ ពេលមានបញ្ហាវិញ និងអាចក្លាយទៅជាមណ្ឌលមនុស្សចាស់ជាដើម។
លោក នឹម ថូត ក៏បានថ្លែងអរគុណ ដល់អង្គការកុមារអាស៊ីប្រចាំនៅប្រទេសបារាំង ដែលបានជួយដល់កម្ពុជា នាពេលកន្លងមកនេះ ហើយសង្ឃឹមថា អង្គការមួយនេះ នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយ ក្រសួងសង្គមកិច្ច ឲ្យដំណើរការជួយកុមារ កាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត៕