(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ មានករណីលិចទូកដឹកកម្មករសំណង់១គ្រឿង បណ្ដាលឲ្យកម្មករម្នាក់ស្លាប់ និងកម្មករម្នាក់ទៀតបានបាត់ខ្លួន ខណៈដែលសមត្ថកិច្ចកំពុងព្យាយាមតាមស្វែងរក។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ករណីលិចទូកដឹកកម្មករសំណង់នេះ បានកើតឡើងនៅចំណុច «ពយអាវខ្មោច» ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុង-ខេត្តព្រះសីហនុ នៅវេលាម៉ោង០៧៖៣០នាទី ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ។
បើតាមលោកស្នងការ កម្មករដែលបានស្លាប់ មានឈ្មោះ ធំ សារ៉ាត ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិចាក់អង្រែលើ សង្កាត់ព្រែកតាគង់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយម្នាក់ទៀតដែលបានបាត់ខ្លួន មានឈ្មោះ ស៊ាប ភេទប្រុស អាយុប្រហែល៣៣ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើត នៅខេត្តកំពត។
លោកថា មូលហេតុដែលកើតមានឡើង នូវករណីលិចទូកដឹកកម្មករសំណង់ ខាងលើនេះ ដោយសារតែទូកនេះ ជាប្រភេទទូកកន្ទុយវែង ហើយបានដឹកលើសចំណុះ រហូតដល់១៣នាក់ ទើបបណ្ដាលឲ្យមានការលិចបែបនេះ៕