(ភ្នំពេញ)៖ សំណុំរឿងតារាចម្រៀងវ័យក្មេងរូបសម្រស់ស្រស់ប្រិមប្រីយ៍ កញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នីឡា នឹងត្រូវសាលាឧទ្ធរណ៍ប្រកាសសាលដីកា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្អែកនេះ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាស ដែលបានប្រព្រឹត្តិដោយអតីតសង្សារជាមន្ដ្រីនគរបាលក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០១៥។
កញ្ញា វ៉ាន់ នីឡា ដែលជាជនរងគ្រោះក្នុងសំណុំរឿងនេះ បានតាមរយៈអង្គភាព Fresh News នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់សាលាឧទ្ធរណ៍ បន្ដផ្ដល់យុត្តិធម៌ឲ្យខ្លួនដូចសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ ដោយសាលាដំបូងបានផ្ដល់យុត្តិធម៌ដូចក្ដីបំណង ហើយនាងមានការពេញចិត្តជាខ្លាំង ចំពោះការផ្ដន្ទាទោស ទៅលើអតីតសង្សាររបស់នាង ពីសំណាក់តុលាការ។
តារាចម្រៀងវ័យក្មេងរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ស្អែកនេះសាលាឧទ្ធរណ៍ នឹងប្រកាសសាលដីកា លើសំណុំរឿងរបស់នាងខ្ញុំ ហើយនាងខ្ញុំក៏សូមអំពាវនាវ ដល់សាលាឧទ្ធរណ៍ ជួយបន្ដផ្ដល់យុត្តិធម៌ដល់នាងខ្ញុំ ដូចសាលាដំបូងរាជធានីភ្នំពេញដែរ»។
សូមរំលឹកថា តារាចម្រៀង វ៉ាន់ នីឡា បានទទួលនូវពន្លឺយុតិ្តធម៌ពីសាលាដំបូងរាជធានីភ្នំពេញ ដោយជនជាប់ចោទ ត្រូវជាអតីតសង្សាររបស់ខ្លួន គឺលោក គុយ សិទ្ធិសក្តិ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោស ជាប់ពន្ធធនាគាររយៈពេល១ឆ្នាំ និងពិន័យទឹកប្រាក់ប្រមាណ២០០លានរៀល (៥ម៉ឺនដុល្លារអាមេរិក) នៅក្នុងសំណុំរឿងលួចទម្លាយរូបស្រាតរបស់នាង កាលពីឆ្នាំ២០១៥។
ជាមួយនឹងការកាត់សេចក្ដីរបស់តុលាការនេះ វ៉ាន់ នីឡា បានសរសេរនៅក្នុងសង្គមហ្វេសប៊ុក របស់នាង កាលពីពេលកន្លងទៅថា «សួស្ដីអ្នកទាំងអស់គ្នា នេះគឺជាដំណឹងល្អ ! តុលាការបានប្រកាសសាលក្រមរួចហើយ នៅសាលាដំបូងរាជធានីភ្នំពេញ។ ១-ផ្តន្ទាទោស គុយសិទ្ធិសក្តិ ចំនួន១ឆ្នាំ,២-សំណងជំងឺចិត្ត២០០លានរៀល»។
វ៉ាន់ នីឡា បានបន្តទៀតថា «នាងខ្ញុំសូមអរគុណបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ អរគុណសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម, ក្រុមគ្រួសារតារាកម្ពុជា លោកមេធាវី នួន បូរ៉ា និងលោកមេធាវី ជា សុខចាន់ ក៏ដូចជាបងប្អូនសិល្បករ ដែលបានផ្តិតមេដៃលើញត្តិចំនួន៦០០នាក់ជាង តាមរយៈលោកជំទាវរដ្ឋមន្ត្រី ក្រសួងវប្បធម៌ ដើម្បីជំរុញចំណាត់ការ របស់ក្រសួងមហាផ្ទៃ។ នាងខ្ញុំសូមថ្លែងអំណរគុណមែនទែន។ នាងខ្ញុំនឹងផ្តល់ព័ត៌មានកលម្អិត នាពេលបន្តិចទៀតនេះ»។
គេនៅចាំបានថា មុននឹងទទួលបាននូវពន្លឺយុត្តិធម៌ សម្រាប់តារាចម្រៀង វ៉ាន់ នីឡា កន្លងមកអតីតសង្សាររបស់នាង គឺលោក គុយ សិទ្ធិសក្តិ ដែលកំពុងតែស្ថិតនៅក្រៅសំណាញ់ច្បាប់ បើទោះបីជាទទួលបានការដាស់ទោស ទៅហើយក៏ដោយ ធ្លាប់បានផ្ញើរសារគំរាមកំហែង ប្រើពាក្យសំដីអសុរោះ មើលងាយលើរូបនាងជាខ្លាំង អាងអំណាចជាកូនមន្រ្តីធំ ធ្វើឲ្យនាងគិតថា ហាក់បីដូចជាអស់សង្ឃឹម នៅក្នុងរឿងនេះម្ដងម្កាលផងដែរ។
សូមបញ្ជាក់ថា រឿងក្តីជនជាប់ចោទ គុយ សិទ្ធិសក្តិ ជាមួយកញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នីឡា ពាក់ព័ន្ធការប្រើហិង្សា និងបង្ហោះរូបភាពអាក្រាតនោះ ឥឡូវត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមហើយ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ដោយផ្តន្ទាទោសជនជាប់ចោទ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និងបង្គាប់ឲ្យសងសំណងជំងឺចិត្ត ដល់ដើមបណ្ដឹងចំនួន២០០លានរៀល។
នៅក្នុងការប្រកាសសាលក្រមនេះ គេពុំបានឮលោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ជនជាប់ចោទ គុយ សិទ្ធិសក្តិ ទេ (ពុំមានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនទេ) តែបើកផ្លូវឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
ជនជាប់ចោទ គុយ សិទ្ធិសក្តិ ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនានិងចែកចាយរូបភាពអាសអាភាស» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៨ និងមាត្រា៣៩ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ៕