(ពោធិ៍សាត់)៖ ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណ បេឡាជាតិសន្តិសុខសង្គម ជូនសមាជិកអតីតយុទ្ធជនខេត្តពោធិ៍សាត់ ចំនួន២,៥១១នាក់។
បន្ទាប់ពីបាននាំការផ្តាំផ្ញើនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ជូនដល់សមាជិកអតីតយុទ្ធជនរួចមក ទេសរដ្ឋមន្ដ្រី គន់ គីម បានបញ្ជាក់ថា ការជួបជុំគ្នាក្នុងថ្ងៃនេះ គឺក្នុងគោលបំណងមកថ្លែងអំណរគុណដែលសមាជិកទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន រហូតដល់ឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី។
បន្ថែមពីនេះ ក៏បានយកប័ណ្ណបេឡាសន្តិសុខសង្គម របស់ម្តេចតេជោ ហ៊ុន សែន មកជូនសមាជិកសម្រាប់ព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យនេះ គឺជាការអនុវត្តគោលនយោបាយមួយ ក្នុងចំណោមគោលនយោបាយគាំពារសន្តិសុខសង្គមជាច្រើនទៀត ដែលរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញដើម្បីជួយសម្រួលដល់ការលំបាក។
ជាមួយគ្នានេះ ទេសរដ្ឋមន្ដ្រីអគ្គលេខាធិការ បានណែនាំឲ្យសមាគមអតីតយុទ្ធជនខេត្ត ត្រូវចុះទៅបញ្ជាក់សមាជិកណាដែល អត់ដី អត់ផ្ទ ហើយបើពួកគាត់ព្រមទៅនៅឃុំលាច ស្រុកភ្នំក្រវាញ សម្តេច និងផ្តល់ផ្ទះជូន។
ទេសរដ្ឋមន្ដ្រី ដែលកំពុងសកម្មលើការងារសមាគមអតីតយុទ្ធជនរូបនេះ ក៏បានណែនាំសមាជិកថា មានតែសម្តេចតេជោ ហ៊ុន សែន ទេដែលតែងតែគិតគូរ ដូចច្នេះត្រូវជឿជាក់ និងគោរពអនុវត្តតាមការដឹកនាំរបស់សម្តេច ដើម្បីកម្ពុជាទទួលបានការភិវឌ្ឍន៍ លើគ្រប់វិស័យជាបន្តទៀត៕