(ភ្នំពេញ)៖ ការដ្ឋានសំណង់សង់ផ្ទះយ៉ាងរឹងមាំមួយកន្លែង មានស្លាកយីហោជាម្ចាស់ឈ្មោះ «រស់ រដ្ឋាយ៉ា» ស្ថិតនៅក្នុងភូមិធំជើង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ត្រូវបានប្រជាពលរដ្ឋ រាយការណ៍ថា បាននិងកំពុងសាងសង់រំលោភទាំងស្រុង ទៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ស្ទើរពាក់កណ្ដាលទៅហើយ ពោលគឺផ្លូវប្រវែងជាង១០ម៉ែត្រ នៅសល់ត្រឹម៥ទៅ៦ម៉ែត្រប៉ុណ្ណោះ តែពុំឃើញវត្តមាន អាជ្ញាធរភូមិ-សង្កាត់ ឬខណ្ឌ ចុះមកហាមឃាត់ទប់ស្កាត់នោះទេ ដោយសង្ស័យអាងខ្សែធំ ឬក៏មានការបើកភ្លើងខៀវពីមន្រ្តីណាម្នាក់។
ជុំវិញករណីនេះ លោក ជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅ ទទួលបន្ទុកសំណង់ក្រោយទទួលបានដំណឹងថា មានសំណង់ឈ្មោះ «រស់ រដ្ឋាយ៉ា» បាននិងកំពុងសាងសង់រំលោភដីផ្លូវសាធារណៈរបស់រដ្ឋ លោកបានដាក់បទបញ្ជាភ្លាមៗ នៅរសៀលថ្ងៃទី៣០ ខែតុលានេះ ដើម្បីឲ្យលោកប្រធានការិយាល័យអន្តរវិស័យខណ្ឌ ចាត់មន្ត្រីឲ្យចុះត្រួតពិនិត្យជាក់ស្ដែងជាបន្ទាន់ ក្នុងការស្រាវជ្រាវឲ្យបានច្បាស់លាស់ តើពិតដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋ ឬមិនមែនជាការពិតយ៉ាងណានោះ និងបញ្ជាក់ជូននៅពេលក្រោយ។
ការជជែកតៗគ្នារបស់ប្រជាពលរដ្ឋរស់នៅក្នុងធំជើង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ បានបង្ហាញទស្សនៈថា «បើការសាងសង់ផ្ទះរំលោភលើចំណីដីផ្លូវសាធារណៈរបស់រដ្ឋ ស្ទើរពាក់កណ្ដាលផ្លូវ ទាំងបំពានច្បាប់បែបនេះទៅហើយ តែបែរជាគ្មានអាជ្ញាធរដែនដីចុះមកហាមឃាត់ ឫទប់ស្កាត់ទៅវិញ សង្ស័យមានការបើកភ្លើងខៀវ ពីអ្នកមានអំណាចអាងខ្សែធំហើយមើលទៅ ទើបធ្វើបែបនេះបានយ៉ាងងាយស្រួល បើអញ្ជឹងពួកគាត់ក៍អាចធ្វើបានដូចគ្នាទៅថ្ងៃក្រោយ»។
ការផ្ដើមចេញពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋសំណូមពរដល់ មន្ទីរ ស្ថាប័នរដ្ឋដែលពាក់ព័ន្ធជាពិសេសលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាជួយបញ្ជូនមន្ត្រីជំនាញ ដើម្បីចុះពិនិត្យ និងមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាចំពោះការដ្ឋានសំណង់នេះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍រួមរបស់ជាតិផងដែរ៕