Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសង្គមកិច្ច, អង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក រួមគ្នាបើកសន្និសីទថ្នាក់តំបន់មួយ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារនៅកម្ពុជា

30-10-2018 13:29

(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការជាមួយ អង្គការយូនីសេហ្វ និងអង្កការសុខភាពពិភពលោក បានរៀបចំ សន្និសីទថ្នាក់តំបន់ឆ្ពោះទៅកាន់ការអនុវត្តយុទ្ធសាស្រ្ត INSPIRE ចំនួន៧ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារនៅកម្ពុជា។

សន្និសីទថ្នាក់តំបន់ឆ្ពោះទៅកាន់ការអនុវត្តយុទ្ធសាស្រ្ត INSPIRE នេះរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ា រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងគោលបំណងណែនាំនិងបង្ហាញពីយុទ្ធសាស្រ្ត INSPIRE និងកត្តាដែលត្រូវធ្វើការពិចារណា ទាក់ទិននឹងការអនុវត្ត ដល់អ្នកពាក់ព័ន្ធថ្នាក់ជាតិនានានៅតាមបណ្តាប្រទេសដើម្បីគាំទ្រដល់ការបព្ជ្រោបយុទ្ធសាស្រ្តទាំង៧នៃកព្ចាប់យុទ្ធសាស្រ្តINSPIREនេះទៅក្នុងកម្មវិធីការពារកុមារនៅថ្នាក់ជាតិ។

បន្ថែមពីលើនេះ សន្និសីទ ក៏បានរៀបចំឡើងដើម្បី គាំទ្រដល់អ្នកចូលរួម ក្នុងការកំណត់រកឱកាសពង្រីកការទប់ស្កាត់ និងការឆ្លើយតប ចំពោះ អំពើ ហិង្សា លើកុមារ ក្នុងប្រទេសនានា ថ្នាក់តំបន់ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សន្និសីទថ្នាក់តំបន់ឆ្ពោះទៅកាន់ការអនុវត្តយុទ្ធសាស្រ្ត INSPIRE ចំនួន៧ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ មានការចូលរួមពីភ្ញៀវជាតិអន្តរជាតិ ជាតំណាងក្រសួង ស្ថាប័ន អង្គទូត ទីភ្នាក់ងារសហប្រជាជាតិ អង្ការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិប្រចាំប្រទេសកម្ពុជា និងមកពីប្រទេសចំនួន២០ទៀត។

នៅក្នុងឱកាសនោះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានវឌ្ឍនភាព ក្នុងកិច្ចខិតខំ ដោះស្រាយបញ្ហា អំពើហិង្សាលើកុមារ ប្រកបដោយចីរភាព និងផែនការសកម្មភាពរបស់អាស៊ានឆ្នាំ២០១៥ ស្តីពីការលុបបំបាត់អំពើហិង្សាលើកុមារ។

រដ្ឋមន្រ្តី បានបន្តថា ផ្អែកតាមកិច្ចខិតខំប្រឹងប្រែងកន្លងមក កម្ពុជាបានក្លាយជាប្រទេស ឈានមុខក្នុងបណ្តាប្រទេសអាស៊ាន ដែលបានអង្កេត សិក្សាស្រាវជ្រាវ ពីស្ថានភាពអំពើហិង្សាលើកុមារ ដែលមានលក្ខណៈវិទ្យាសាស្រ្តក្នុងការកំណត់ពីទំហំ វិសាលភាពការផ្តល់ភ័ស្តុតាងជាក់លាក់នៃអំពើហឹង្សាលើកុមារទាំងផ្លូវភេទផ្លូវកាយនិងផ្លូវចិត្តដែលកុមារបានជួបប្រទៈនិងកំពុងប្រឈម។

រដ្ឋមន្រ្តី វងសូត បានបន្ថែមថា ផែនការសកម្មភាពនេះ បានរៀបចំស្របតាមគោលបំណងគោលដៅរបស់ចលនាសកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងភាពជាដៃគូសកល យុទ្ធសាស្រ្តចំនួន ៧សម្រាប់បញ្ចប់អំពើហឹង្សាលើកុមារ ការឆ្លើយតបចំពោះអាស៊ាននិងរបស់កម្ពុជាចំពោះអំពើហឹង្សាលើកុមារ។

លើសពីនេះទៅទៀតផែនការសកម្មភាពនេះ មានយុទ្ធសាស្រ្ត និងទិសដៅស្របទៅនឹងផែនការយុទ្ធសាស្រ្តពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល ជាពិសេសផែនការយុទ្ធាសាស្រ្តអភិវឌ្ឍន៍ជាតិ ដែលបាននឹងកំពុងដំណើរអនុវត្តលើវិស័យកុមារក្នុងកិច្ចការពារកុមារជាប្រព័ន្ធ។

សូមបញ្ចាក់ថា យុទ្ធសាស្រ្ត INSPIRE ចំនួន៧ រួមមាន ទី១ គឺការអនុវត្ត និងពង្រឹងការអនុវត្តច្បាប់ ទី២ គឺបទដ្ឋាន និងគុណតម្លៃ ទី៣ គឺបរិយាកាសប្រកបដោយសុវត្តិភាព ទី៤ គឺការគាំទ្រដល់មាតាបិតានិងអ្នកផ្តល់ការថែទាំដល់កុមារ ទី៥ គឺការពង្រឹងប្រាក់ចំណូលនិងសេដ្ឋកិច្ច ទី៦ គឺ សេវាឆ្លើយតបនិងសេវាគាំទ្រ និងទី៧ គឺការអប់រំ និងបំណិនជីវិត៕